(ប៉េកាំង)៖ អ្នកវិទ្យាសាស្ត្រចិន លោក Yuan Zhiming មកពីវិទ្យាសា្ថនវីរុសសាស្ត្រវូហាន (Wuhan Institute of Virology) បាននិយាយថា ការលេចធ្លាយវីរុសកូរ៉ូណា ប្រភេទថ្មីដែលបង្កជំងឺរលាកផ្លូវដង្ហើម COVID-19 ចេញពីមន្ទីរពិសោធន៍គឺជា «រឿងមិនអាចទៅរួច»។ នេះបើតាមការចេញដកស្រង់ចេញផ្សាយដោយសារព័ត៌មាន NHK នៅថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២០។
លោក Yuan Zhiming ធ្វើការអះអាងបែបនេះ កំឡុងផ្ដល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅក្នុងសប្ដាហ៍នេះ។ លោក Yuan បានទាត់ចោលទាំងស្រុង ការចោទប្រកាន់ពីសហរដ្ឋអាមេរិក ដែលថាវីរុសកូរ៉ូណាប្រភេទថ្មី មានប្រភពដើមចេញមកពីមន្ទីរពិសោធន៍នៃវិទ្យាសា្ថនវីរុសសាស្ត្រវូហាន ពោលគឺមិនមែនមកពីផ្សារ លក់គ្រឿងសមុទ្រនោះទេ។
ថ្លែងនាឱកាសនោះ អ្នកជំនាញខាងវីរុសរូបនេះបានគូសបញ្ជាក់ដូច្នេះថា៖« ការនិយាយថា វីរុសកូរ៉ូណា ប្រភេទថ្មីបង្កជំងឺរលាកផ្លូវដង្ហើម COVID-19 លេចធ្លាយចេញពី មន្ទីរពិសោធន៍គឺជារឿងមិនអាចទៅរួច។ យើងបានអនុវត្តយ៉ាងតឹងរឹងនូវបទបញ្ញត្តិ និងក្រមវិន័យ ក្នុងការដឹកនាំការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍតាមបែបវិទ្យាសាស្ត្រ ហើយម្យ៉ាងវិញទៀត គ្មានសិស្ស បុគ្គលិក និងមន្ត្រីចូលនិវត្តន៍របស់យើងណាម្នាក់ឆ្លងវីរុសកូរ៉ូណានោះទេ»។
បន្ថែមពីលើនេះ នៅពេលត្រូវបានសាកសួរពីការចុះផ្សាយរបស់បណ្ដាសារព័ត៌មានអាមេរិក លោក Yuan Zhiming បានសង្កត់ធ្ងន់ថា ការចោទប្រកាន់ថាវីរុសកូរ៉ូណា លេចធ្លាយពីមន្ទីរពិសោធន៍ចិន គឺជាការលើកឡើងគ្មានភស្ដុតាង និងនិយាយតាមការសង្ស័យតែប៉ុណ្ណោះ។
គួរជម្រាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងសប្ដាហ៍នេះដែរ បានឱ្យដឹងថាក្រុមមន្ត្រីរបស់លោកកំពុងបើកការស៊ើបអង្កេតស្វែងរកប្រភពដើម នៃវីរុសកូរ៉ូណាប្រភេទថ្មី ហើយលោកថែមទាំងបានព្រមានទុកជាមុនថា ចិននឹងត្រូវប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ បើសិនជាទីក្រុងប៉េកាំង គឺជាអ្នកទទួលខុសត្រូវ ដោយផ្ទាល់ ចំពោះការឆ្លងរាតត្បាត COVID-19 ដែលបានផ្ដាច់ជីវិតមនុស្សច្រើនជាង១៥៧,០០០នាក់ នៅជុំវិញពិភពលោក៕