(ឡាហាវ៉ាន)៖ ក្រសួងសុខាភិបាលគុយបាបានប្រកាសឲ្យដឹងថា បុគ្គលិកជំនាញផ្នែកសុខាភិបាលសរុបជិត ១០០នាក់ហើយ បានឆ្លងជំងឺ COVID-19 ខណៈករណីឆ្លងក្នុងប្រទេសនេះ ទើបតែបានកើនឡើងដល់ ៩២៣ករណីប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០។
ក្រសួងសុខាភិបាលនៃប្រទេសដីកោះមួយនេះ ក៏បានបញ្ជាក់បន្ថែមទៀតដែរថា នៅក្នុងចំណោមករណីឆ្លងទាំង ៩៣២ករណីនោះ មានអ្នកជំងឺ ៣១នាក់ស្លាប់ និង ១៩២នាក់ជាសះស្បើយឡើងវិញ។ សម្រាប់បុគ្គលិកសុខាភិបាលជំនាញ ដែលបានឆ្លងជំងឺ COVID-19 ខាងលើនេះមាន ៤៧នាក់ជាវេជ្ជបណ្ឌិត, ៣០នាក់ជាគិលានុបដ្ឋាក, ០៤នាក់ជាមន្ត្រីជំនាញសុខាភិបាល, ០៥នាក់ជានិស្សិតពេទ្យ និង ១១នាក់ទៀតជាបុគ្គលិក ដែលបម្រើការងារឲ្យវិស័យសុខាភិបាល។
គួរបញ្ជាក់ថា ដោយសារតែមើលឃើញស្ថានការណ៍ COVID-19 មិនសូវធ្ងន់ធ្ងរក្នុងប្រទេសខ្លួននោះ គុយបាកន្លងមកបានសម្រេចបញ្ជូន បុគ្គលិកពេទ្យជំនាញរបស់ខ្លួនសរុប ១,២០០នាក់ ទៅកាន់បណ្តាប្រទេសក្នុងតំបន់ការីបៀនជាមួយគ្នា រួមទាំងតំបន់អាមេរិកឡាទីន, អាហ្វ្រិក, អឺរ៉ុប និងមជ្ឈិមបូព៌ាផងដែរ ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 នៅក្នុងបណ្តាប្រទេសជាមិត្តទាំងនោះ៕