(ម៉ូស្គូ)៖ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ប្រទេសរុស្ស៊ីបានរកឃើញអ្នកឆ្លង ជំងឺ COVID-19 សរុបចំនួន ៤,៧៨៥នាក់ថ្មីទៀត ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុត មិនធ្លាប់មាននោះឡើយ និងនាំឲ្យចំនួនករណីឆ្លងសរុបកើនដល់ ៣៦,៧៩៣ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០។
ក្រៅពីចំនួនមនុស្សឆ្លង COVID-19 កើនឡើងយ៉ាងច្រើននោះ ចំនួនអ្នកស្លាប់វិញអាចថា ស្ថិតនៅក្នុងអត្រាទាបនៅឡើយ។ កាលពីថ្ងៃសុក្រម្សិលមិញ មនុស្សស្លាប់សរុបដោយសារ COVID-19 នៅរុស្ស៊ីមានចំនួន ២៧៣នាក់ ខណៈនៅថ្ងៃសៅរ៍នេះចំនួនបានកើនឡើងដល់ ៣១៣នាក់។ ដោយឡែកអ្នកជំងឺសរុប ៣,០៥៧នាក់ ក៏ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញផងដែរ។
គួរបញ្ជាក់ថា ទីក្រុងម៉ូស្គូនៅតែជាកន្លែងដែលរ៉ាប់រងករណីឆ្លងច្រើនបំផុតសរុបរហូតដល់ ២០,៧៥៤ករណី ក្នុងចំណោមករណីឆ្លងសរុបទូទាំងប្រទេស ដោយក្នុងនោះករណីឆ្លងថ្មីៗ ២,៦៤៩នាក់ទើបត្រូវបានបូកបញ្ចូល។ ទោះបីជាបែបនេះក្តី អភិបាលទីក្រុងម៉ូស្គូលោក ស៊ឺហ្គៃ សូប៊ីយ៉ានីន (Sergei Sobyanin) បានចាត់ទុកតួលេខខាងលើនេះ ត្រឹមតែជាការកើនឡើងច្រើននៃចំនួនអ្នកឆ្លង ប៉ុន្តែមិនមែនជាការផ្ទុះឡើងយ៉ាងគំហុក លើសពីការព្យាករណ៍នោះឡើយ៕