(ញូយ៉ក)៖ រដ្ឋញូយ៉កនៃសហរដ្ឋអាមេរិកនឹងចាត់ឲ្យមន្ទីរពិសោធន៍រដ្ឋនិងឯកជនទាំងអស់ សហការជាមួយមន្ទីរសុខាភិបាលប្រចាំរដ្ឋ ដើម្បីបង្កើនការធ្វើតេស្ត COVID-19 ថែមទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០។
អភិបាលរដ្ឋញូយ៉ក លោក Andrew Cuomo បាននិយាយថា លោកនឹងចេញបញ្ជាប្រតិបត្តិមួយ ដើម្បីធានានូវការសហការរវាងមន្ទីរពេទ្យ និងមន្ទីរពេទ្យសរុបចំនួនជាង៣០០កន្លែងនៅក្នុងរដ្ឋ ដែលមានអាជ្ញាបណ្ណសិក្សាស្រាវជ្រាវពីវីរុស ជាមួយមន្ទីរសុខាភិបាលរបស់រដ្ឋញូយ៉ក ដើម្បីបង្កើនការធ្វើតេស្ត COVID-19 ព្រោះថាការធ្វើតេស្តទ្រង់ទ្រាយធំ គឺជាកូនសោរគន្លឹះ ដើម្បីឆ្ពោះទៅរកការបើកសេដ្ឋកិច្ចរបស់រដ្ឋឡើង វិញ។
គួរជម្រាបថា យោងតាមទិន្នន័យពីសាកលវិទ្យាល័យស្រាវជ្រាវអាមេរិក John Hopkins គិតត្រឹមរសៀលថ្ងៃសៅរ៍នេះ នៅរដ្ឋញូយ៉ក ដែល ជាតំបន់មានការឆ្លងរាលដាលខ្លាំងជាងគេប្រចាំសហរដ្ឋអាមេរិក មានករណីឆ្លង COVID-19 ជាង២៣៥,០០០ករណី ក្នុងចំណោមមនុស្ស ច្រើនជាង៥៧៣,០០០នាក់ ដែលត្រូវបានធ្វើតេស្តរក COVID-19 ខណៈចំនួនប្រជាជនសរុបនៅក្នុងរដ្ឋនេះមានប្រមាណជា២០លាននាក់៕