(គូឡាឡាំពួរ)៖ ស្រ្តីជនជាតិម៉ាឡេស៊ីម្នាក់ ដែលបានបាក់ទឹកចិត្តជាខ្លាំង ក្រោយបាត់បង់ស្វាមីដោយសារ COVID-19 ហើយខ្លួនឯងក៏ឆ្លងដែរនោះ បានព្យាយាមយកឈ្នះជំងឺឆ្លងដ៏កាចសាហាវមួយនេះ ក្រោមការលើកទឹកចិត្តពីក្រុមគ្រូពេទ្យ ព្រមទាំងអ្នកជំងឺដូចគ្នា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០។
លោកស្រី អៃហ្សា សាយ៉ាហ្វីណាស៍ (Aiza Syafinaz Sahak) អាយុ ៣៤ឆ្នាំ បានបាត់បង់ស្វាមីគឺលោក ម៉ូដ ហ្វាយរ៉ូស សាប៊ែរ៉ូន (Mohd Fairos Saberon) អាយុ ៣៦ឆ្នាំកាលពីថ្ងៃទី២៦ ខែមីនា ដោយសារតែ COVID-19 ក្រោយរៀបការជាមួយគ្នាបានរយៈពេល ១០ឆ្នាំ។ លោកស្រី Aiza Syafinaz បានចំណាយពេល ០៤ថ្ងៃបន្ទាប់កាន់ទុក្ខស្វាមី ទាំងក្នុងសភាពបាក់ទឹកចិត្ត ដោយមិនហូបចុកអ្វីក្រៅពីទឹក និងទឹកដោះគោឡើយ ហើយលោកស្រីក៏បានផ្តាច់ការទាក់ទងជាមួយមិត្តភក្តិ ក៏ដូចជាគ្រួសារផងដែរ។
ស្រាប់តែមកដល់ថ្ងៃទី៣០ ខែមីនា លោកស្រី Aiza Syafinaz ត្រូវបានក្រសួងសុខាភិបាលម៉ាឡេស៊ីជូនដំណឹងថា លោកស្រីបានឆ្លងជំងឺ COVID-19 ប៉ុន្តែរោគសញ្ញាលោកស្រីមិនសូវជាធ្ងន់ធ្ងរឡើយ។ ទោះជាបែបនេះក្តី នៅពេលត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យ លោកស្រីបានគិតក្នុងចិត្តខ្លួនឯងដូច្នេះថា «តើនេះជាវាសនាមែនទេ? ឥឡូវខ្ញុំឆ្លងជំងឺនេះ ខ្ញុំប្រហែលជានឹងត្រូវទៅជួបជុំស្វាមីខ្ញុំឆាប់ៗ»។ លោកស្រី Aiza Syafinaz បានបញ្ជាក់ថា នាពេលនោះលោកស្រី មិនចង់រស់នៅលើលោកនេះទៀតទេ។
អ្វីដែលជាទុក្ខបន្ថែមពីលើនេះទៀត គឺបន្ទាប់មកលោកស្រី ក៏ទទួលបានដំណឹងថា ឪពុករបស់ខ្លួនក៏ទើបតែធ្វើតេស្តវិជ្ជមាននៃ COVID-19 ផងដែរ។ យ៉ាងណាមិញនៅពេលស្ថិតក្នុងមន្ទីរពេទ្យ លោកស្រី Aiza Syafinaz ទទួលបានការជំរុញលើកទឹកចិត្តជាខ្លាំង ពីសំណាក់ក្រុមវេជ្ជបណ្ឌិត គិលានុបដ្ឋាក និងអ្នកជំងឺដូចគ្នាផ្ទាល់ ដើម្បីតស៊ូជម្នះនឹងជំងឺនេះ។
នៅទីបំផុតលោកស្រី ក៏បានជាសះស្បើយឡើងវិញទាំងស្រុង ហើយអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញកាលពីថ្ងៃទី១០ ខែមេសា ហើយឪពុករបស់លោកស្រី ក៏បានជាដូចគ្នាដែរ។ លោកស្រី Aiza Syafinaz បានសម្តែងការអរគុណចំពោះអ្នកគ្រប់គ្នា ដែលបានជួយលើកទឹកចិត្តលោកស្រី ក្នុងគ្រាដ៏លំបាកនោះ ហើយលោកស្រីបានជំរុញឲ្យអ្នក ដែលបាត់បង់មនុស្សជាទីស្រឡាញ់ដោយសារ COVID-19 កុំចុះចាញ់ក្នុងឆាកជីវិតឲ្យសោះ៕