(វ៉ាស៊ីនតោន)៖ យោងតាមគេហទំព័រ Worldometer គិតត្រឹមម៉ោង ៨៖៣០នាទីព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០ នេះតែម្តង ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនលើស ៧០០,០០០ករណីហើយ ក្នុងនោះមនុស្សស្លាប់សរុបមានចំនួន ៣៧,១៥៨នាក់ និងជាសះស្បើយឡើងវិញចំនួន ៦០,៥១០នាក់។
បើពិនិត្យមើលទៅលើតួលេខខាងលើនេះ សហរដ្ឋអាមេរិកមិនត្រឹមតែនៅតែបន្តឈរលេខ ១ លើពិភពលោក ក្នុងនាមជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនជាងគេបំផុតប៉ុណ្ណោះទេ តែក៏កំពុងរ៉ាប់រងករណីឆ្លងជាង ៣០% នៃករណីឆ្លងជំងឺនេះសរុប ២.២លាននាក់ នៅទូទាំងពិភពលោកផងដែរ។
គួរបញ្ជាក់ថា នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ចេញកញ្ចប់ថវិការហូតដល់ ១៩ពាន់លានដុល្លារ ដើម្បីជួយសង្គ្រោះកសិករអាមេរិក ដែលប្រកបមុខរបរកសិកម្ម-ចិញ្ចឹមសត្វដែលកំពុងរងគ្រោះដោយសារតែ COVID-19៕