(បរទេស)៖ ក្រុមអវកាសយានិកដែលមានគ្នា៣នាក់ បានចុះមកដល់ផែនដីវិញ នៅថ្ងៃសុក្រនេះ ក្រោយចំណាយពេលជាច្រើនថ្ងៃ នៅលើស្ថានីយអវកាសអន្តរជាតិ ISS ប៉ុន្តែនៅពេលមកដល់ អ្វីៗគឺមានភាពខុសប្លែកពីពេលដែលពួកគេបានចាកចេញ ដោយសារ តែវិបត្តិជំងឺ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០។
ក្រុមអវកាសយានិក៣នាក់នោះ រួមមាន លោក Oleg Skrypochka និងលោកស្រី Jessica Meir ជាអវកាសយានិករុស្ស៉ី ដែលបាន ចាកចេញពីផែនដីកាលពីខែកញ្ញា ឆ្នាំ២០១៩ គឺប៉ុន្មានខែឯណោះមុនការលេចឡើងនៃជំងឺ COVID-19 ខណៈលោក Andrew Morgan ដែលជាអវកាសយានិកអាមេរិក បានស្ថិតនៅលើស្ថានីយអវកាស ISS ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៩។
អវកាសយានិកទាំង៣ បានចុះមកដល់ផែនដីវិញដោយសុវត្ថិភាព នៅប្រទេសកាហ្សាក់ស្ថាន តាមរយៈយានអវកាសរុស្ស៉ី Soyuz MS-15 បន្ទាប់ពីលោក Skrypochka និងលោកស្រី Meir បានចំណាយពេល២០៥ថ្ងៃ ក្នុងទីអវកាស ហើយលោក Morgan បាន ចំណាយពេល២៧២ថ្ងៃ។ ភពផែនដីនាពេលនេះ សម្រាប់អ្នកទាំង៣ នឹងមានភាពខុសប្លែកដាច់ឆ្ងាយពីពេលពួកគេបានចាកចេញ កាលពីឆ្នាំមុន ដោយឥឡូវប្រទេសជាច្រើនជុំវិញពិភពលោក កំពុងតែស្ថិតក្រោមការបិទទ្វារ ហើយមនុស្សភាគច្រើននាំគ្នាអនុវត្ត វិធានការ រក្សាគម្លាតសុវត្ថិភាព។
សម្រាប់ក្រុមអ្នករង់ចាំទទួលក៏ដូចជាជួយសង្រ្គោះពួកគេ បានឆ្លងកាត់ការធ្វើតេស្តរក COVID-19 និងមានពាក់សម្ភារការពារ ដើម្បី បង្ការការចម្លង COVID-19 ទៅកាន់អវកាសយានិកទាំង៣រូប។ រីឯក្រុមអវកាសយានិក៣នាក់ ដែលបានឡើងទៅកាន់ស្ថានីយ ISS កាលពីថ្ងៃទី០៩ ខែមេសា ដើម្បីជំនួសពួកគេ បានអនុវត្តចំណាត់ការយ៉ាងប្រុងប្រយ័ត្នជាទីបំផុត ដើម្បីបញ្ចៀសការនាំយកមេរោគ COVID-19 ឡើងទៅកាន់ទីអវកាស ដោយអ្នកទាំង៣នោះ បានចំណាយពេល១ខែកន្លះនៅដាច់ដោយឡែកពីគេ មុនពេលចេញពី ផែនដី៕