(ឡុងដ៍)៖ ក្រសួងសុខាភិបាលចក្រភពអង់គ្លេសនាថ្ងៃសុក្រនេះ បានឲ្យដឹងថា អ្នកជំងឺ COVID-19 ចំនួន៨៤៧នាក់បន្ថែមទៀត ទើបតែបានស្លាប់នៅតាមមន្ទីរពេទ្យ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចក្រភពអង់គ្លេស បូកបន្ថែមជាមួយចំនួនអ្នកស្លាប់ថ្មីខាងលើ តួលេខសរុបនៃ អ្នកជំងឺ COVID-19 ដែលបានបាត់បង់ជីវិតនៅចក្រភពអង់គ្លេស កើនដល់១៤,៥៧៦នាក់។ រីឯតួលេខអ្នកឆ្លងវិញបានបន្តកើនដល់ ១០៨,៦៩២នាក់ ក្រោយមនុស្ស៥,៥៩៩នាក់ថ្មី ត្រូវបានធ្វើតេស្តឃើញវិជ្ជមាននៃ COVID-19។
គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋាភិបាលចក្រភពអង់គ្លេស បានសម្រេចពន្យារវិធានការបិទប្រទេសរហូតដល់ យ៉ាងហោច៣សប្តាហ៍ទៀត ដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺ COVID-19 ខណៈចក្រភពអង់គ្លេស ស្ថិតនៅក្នុងចំណោម ប្រទេសដែលមានករណីឆ្លងដល់ខ្ទង់សែននាក់ បន្ទាប់ពីសហរដ្ឋអាមេរិក អេស៉្បាញ អ៉ីតាលី បារាំង និងអាល្លឺម៉ង់៕