(សិង្ហបុរី)៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសិង្ហបុរី ត្រូវបានរកឃើញកើនឡើងយ៉ាងគំហុកតែម្តង បើធៀបនឹងប្រទេសផ្សេងៗទៀត នៅក្នុងតំបន់អាស៊ានដូចគ្នា ខណៈនៅល្ងាចថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០នេះតែម្តង អ្នកឆ្លងសរុប ៦២៣នាក់ទៀតត្រូវបានប្រកាស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
ក្រសួងសុខាភិបាលសិង្ហបុរីបានប្រកាសឲ្យដឹងទៀតថា ពេលនេះចំនួនករណីឆ្លងសរុប នៃជំងឺ COVID-19 ក្នុងប្រទេសដីកោះដ៏តូចមួយនេះបានកើនឡើងដល់ ៥,០៥០ករណី។ ការកើនឡើងនៃចំនួនអ្នកឆ្លងនៅសិង្ហបុរីនេះ ក៏ព្រោះតែការធ្វើតេស្ត នៅអន្តេវាសិកដ្ឋានសម្រាប់ជនបរទេស បាននិងកំពុងធ្វើឡើងជាបន្តបន្ទាប់ ហើយករណីឆ្លងជាចង្កោមតូចៗ ក៏ត្រូវបានរកឃើញបន្ថែមទៀតផងដែរ។
គួរបញ្ជាក់ថា នៅក្នុងចំណោមករណីឆ្លង COVID-19 សរុបទាំង ៥,០៥០ករណីនោះ មាន ជិត ៧០០នាក់ជាសះស្បើយ និង ១០នាក់បាត់បង់ជីវិត។ សិង្ហបុរីឈរនៅលំដាប់លេខ ៤ ប្រចាំអាស៊ានជាប្រទេសដែលមានករណីឆ្លង COVID-19 ធ្ងន់ធ្ងរជាងគេបន្ទាប់ពី ឥណ្ឌូណេស៊ី ហ្វីលីពីន និងម៉ាឡេស៊ី៕