(ម៉ូស្គូ)៖ ក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ រុស្ស៊ីបានកត់ត្រាចំនួនអ្នកឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៤,០៧០ករណីបន្ថែមទៀត ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៣២,០០៨ករណីហើយនៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Moscow Times នាល្ងាចថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០។
នៅក្នុងរយៈពេលដដែលនេះ ប្រទេសមានផ្ទៃដីធំជាងគេបំផុតមួយនេះ ក៏បានមើលឃើញអ្នកស្លាប់ថ្មីៗដោយសារជំងឺ COVID-19 បន្ថែមចំនួន ៤១នាក់ផងដែរ ដែលនាំឲ្យអ្នកស្លាប់សរុបកើនដល់ ២៧៣នាក់ និង ២,៥៩០នាក់ជាសះស្បើយ។ ដោយឡែកតំបន់ដែលកំពុងរងគ្រោះធ្ងន់ជាងគេ គឺទីក្រុងម៉ូស្គូផ្ទាល់តែម្តង ដែលរ៉ាប់រងករណីឆ្លងរហូតដល់ ១៨,១០៥ករណី ក្នុងចំណោមករណីឆ្លងទាំងអស់នៅទូទាំងប្រទេស។
នៅចំពោះមុខនៃរាតត្បាត យ៉ាងឆាប់រហ័សនៃជំងឺ COVID-19 ប្រធានាធីបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន នៅថ្ងៃសុក្រនេះបានសម្រេចចិត្តផ្អាក ព្យុហយាត្រាយោធាដ៏សំខាន់មួយ ដែលប្រទេសមួយនេះតែងតែប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី០៩ ខែឧសភា ដើម្បីរំលឹកខួប នៃជ័យជំនះរបស់សហភាពសូវៀត ក្នុងសង្គ្រាមលោកលើកទី ២ ដែលឆ្នាំនេះត្រូវជាខួបលើកទី ៧៥៕