(វូហាន)៖ ក្រសួងការបរទេសចិននៅថ្ងៃសុក្រនេះ បានទាត់ចោលការចោទប្រកាន់ដែលថា ទីក្រុងប៉េកាំងបានបិទបាំងតួលេខពិតប្រាកដ បន្ទាប់ពីទីក្រុងវូហាន កែតម្រូវឡើងវិញនូវចំនួនអ្នកឆ្លង និងស្លាប់ដោយសារ COVID-19។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០។
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅទីក្រុងប៉េកាំងលោក ចាវ លីចៀន (Zhao Lijian) អ្នកនាំពាក្យក្រសួងការបរទេសចិនបានអះអាងថា ចិនមិនបានបិទបាំងពីតួលេខអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 នោះទេ ហើយរដ្ឋាភិបាលក៏មិនដែលអនុញ្ញាតឱ្យរឿងបែបនេះកើតឡើងដែរ។ អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា ការកែតម្រូវឡើងវិញនូវតួលេខអ្នកឆ្លង និងស្លាប់នៅទីក្រុងវ៉ូហានជាទីដែល COVID-19 ផ្ទុះឡើងដំបូងកាលពីចុងឆ្នាំ២០១៩ ធ្វើឡើងដោយផ្អែកលើលទ្ធផលនៃផ្ទៀងផ្ទាត់ស្ថិតិ និងស្របទៅតាមស្ដង់ដារអន្តរជាតិ។
គួរជម្រាបថា ការកែតម្រូវឡើងវិញនូវចំនួនអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 នៅក្នុងទីក្រុងវូហាន កើតមានឡើងចំពេលបណ្ដាប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិកបានចោទប្រកាន់ចិនថា បានកុហក និងបិទបាំងចំនួនអ្នកឆ្លង និងស្លាប់ចាប់តាំងតែពីជំងឺដ៏កាចសាហាវនេះផ្ទុះឡើងដំបូង។
ចំនួនអ្នកឆ្លងសរុបនៅក្នុងទីក្រុងវូហាន តែមួយប៉ុណ្ណោះគិតត្រឹមថ្ងៃទី១៦ ខែមេសា ត្រូវបានកែតម្រូវដោយកើនឡើងដល់ ៥០,៣៣៣ករណី ក្រោយចំនួនអ្នកឆ្លង ៣២៥នាក់ត្រូវបានរាប់បញ្ចូល ខណៈអ្នកស្លាប់ក៏បានកើនឡើង ១,២៩០ករណីបន្ថែមទៀត នាំឱ្យអ្នកស្លាប់សរុបហក់ឡើងដល់ ៣,៨៦៩នាក់ផងដែរ (តែនៅក្នុងទីក្រុងវូហានមួយប៉ុណ្ណោះ)។
ម្យ៉ាងវិញទៀត ក្រោយការបូកបន្ថែមខាងលើនេះ ធ្វើឲ្យចំនួនមនុស្សស្លាប់នៅចិនដោយសារជំងឺ COVID-19 សរុបកើនដល់ ៤,៦៣២នាក់ និងករណីឆ្លងសរុបកើនដល់ ៨២,៦៩៣នាក់ ក្នុងនោះអ្នកជាសះស្បើយឡើងវិញមានសរុប ៧៧,៩៤៤នាក់៕