(តេហេរ៉ង់)៖ អង្គការសិទ្ធិមនុស្សមួយ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានឱ្យដឹងថា អតីតតារា Instagram អ៉ីរ៉ង់នាង សាហា ថាបា (Sahar Tabar) ដែលមានភាពល្បីល្បាញ ដោយសារតែការវះកាត់កែមុខមាត់ទៅជា «zombie Angelina Jolie ឬ តួអង្គអ្នកនាង ចេនជីលីណា ចូលី តែងជាបិសាច» បច្ចុប្បន្នកំពុងទទួលជំនួយពីឧបករណ៍ដកដង្ហើម (ventilator) ក្រោយឆ្លង COVID-19 ក្នុងពន្ធនាគារនៃប្រទេសអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Fox News នៅរសៀលថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០។
បើតាមមជ្ឈមណ្ឌលសម្រាប់សិទ្ធិមនុស្សនៅក្នុងប្រទេសអ៉ីរ៉ង់ មេធាវីរបស់នាង Sahar Tabar បានស្នើសុំឱ្យតុលាការដោះលែងកូនក្ដីខ្លួននៅក្រៅឃុំ ខណៈអ៉ីរ៉ង់កំពុងប្រឈមមុខនឹងការឆ្លងរាតត្បាត COVID-19 ប៉ុន្តែចៅក្រមអ៉ីរ៉ង់ម្នាក់បានបដិសេធសំណើនេះ។ លោកមេធាវី ផាយ៉ាម ឌែរ៉ាហ្វសាន (Payam Derafshan) បានបញ្ជាក់ប្រាប់អង្គការសិទ្ធិមនុស្ស ខាងលើយ៉ាងដូច្នេះថា «វាគឺជារឿងមិនអាចទទួលយកទាល់តែសោះ ដែលស្ត្រីវ័យក្មេងរូបនេះ ត្រូវបានបដិសេធនៅក្រៅឃុំ នៅក្នុងកាលៈទេសៈដែលរូបនាងឆ្លង COVID-19»។
គួរបញ្ជាក់ថា នាង Sahar Tabar មានឈ្មោះពិតប្រាកដ ហ្វតេម៉េហ៍ ឃីស្វេនដ៍ (Fatemeh Khishvand) អាយុ ២២ឆ្នាំ ត្រូវបានអាជ្ញាធរអ៉ីរ៉ង់ចាប់ឃុំខ្លួនកាលពីខែតុលា ឆ្នាំ២០១៩ ដោយចោទប្រកាន់ថា រូបនាងបានប្រមាថមើលងាយសាសនា និងញុសញង់ឱ្យមានអំពើហិង្សា តាមរយៈការប្រើប្រាស់បណ្តាញសង្គម Instagram៕