(កាប៊ុល)៖ បុគ្គលិកចំនួន ០៦ នាក់ដែលធ្វើការនៅឯមូលដ្ឋានទ័ព អាកាសអាមេរិក ក្នុងទីក្រុង Bagram នៃខេត្ត Parwan ស្ថិតនៅចំងាយប្រមាណ ៦០គីឡូម៉ែត្រ ពីភាគខាងជើង រដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណម្នាក់ បានបាញ់សម្លាប់ និង០៣នាក់ ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០។

យោងតាមអាជ្ញាធរអាហ្វហ្គានីស្ថានបានគូសបញ្ជាក់ថា ខ្មាន់កាំភ្លើងដែលមិនស្គាល់អត្តសញ្ញាតខាងលើ បានជិះម៉ូតូមួយគ្រឿង រួចក៏បានបើកការបាញ់រះ ទៅលើរថយន្តមួយរបស់បុគ្គលិកក្នុងស្រុក នៃព្រលានយន្តហោះ Bagram នៅវេលាម៉ោងប្រមាណ ០៩៖៤០ នាទីម៉ោងនៅក្នុងតំបន់ បានបណ្តាលឲ្យស្លាប់ មនុស្សក្នុងឡានចំនួន ០៦នាក់ស្លាប់បាត់បង់ជីវិត ខណៈ០៣នាក់ផ្សេងទៀតរងរបួស។

មិនទាន់ក្រុមអ្នកណាមួយចេញមុខទទួលខុសត្រូវលើការបាញ់ប្រហារខាងលើនោះទេ។ ចំណែកឯ ក្រុមតាលីបង់ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិភាពជាមួយសហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៩ ខែកុម្ភៈកន្លងទៅនេះ បានបដិសេធការពាក់ព័ន្ធរបស់ខ្លួននៅក្នុងការវាយប្រហារដ៏សាហាវនេះ៕