(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ប្រទេសកូរ៉េខាងត្បូងបានរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន២២ករណីបន្ថែមទៀត ដែលនាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ីខាងកើតមួយនេះកើនដល់១០,៦៣៥ ករណី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នារសៀល ថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០។
កូរ៉េខាងត្បូង ដែលត្រូវបានគេចាត់ទុកថា ជាប្រទេសបានរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដោយសារជំងឺ COVID-19 នៅអាស៊ីបន្ទាប់ចិននោះ ឥឡូវនេះបានស្គាល់នូវអត្រាអ្នកឆ្លងថ្មីៗប្រចាំថ្ងៃស្ថិតនៅក្រោមខ្ទង់ ៣០ សម្រាប់រយៈពេល ០៥ថ្ងៃជាប់ៗគ្នាមកហើយ។ ក្នុងចំណោមករណីឆ្លងថ្មីៗ នាប៉ុន្មានថ្ងៃចុងក្រោយនេះទៀតសោត គឺមានមួយផ្នែកជាករណីនាំចូលពីប្រទេសខាងក្រៅ តួយ៉ាងដូចជាករណីឆ្លងថ្មីៗទាំង២២ករណី ដែលបានរាយការណ៍ នៅថ្ងៃសុក្រនេះជាដើម គឺមាន ១៤ករណីជាករណីនាំចូលពីក្រៅ។
ទន្ទឹមនឹងនោះ អ្នកជំងឺ ដែលបានជាសះស្បើយឡើងវិញនៅក្នុងរយៈពេលដដែលនេះមានចំនួន ៧២នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកជាសរុបកើនដល់ ៧,៨២៩ករណី ឬស្មើនឹងជាង ៧៣.៦ភាគរយនៃករណីអ្នកឆ្លងសរុបនៅទូទាំងប្រទេស។ ដោយឡែកសម្រាប់ករណីស្លាប់ថ្មីមាន ០១ ករណី ដែលនាំឲ្យចំនួនករណីស្លាប់នៅទូទាំងប្រទេសបានកើនដល់ ២៣០នាក់។
គួរជម្រាបថា កូរ៉េខាងត្បូងបានចាប់ផ្តើមមានការផ្ទុះរាលដាលខ្លាំងនៃ COVID-19 នៅពេលចង្កោមក្រុមអ្នកឆ្លងដ៏ធំមួយ ត្រូវបានរកឃើញ នៅក្នុង ទីក្រុង Daegu ដែលមានប្រជាជនរស់នៅប្រមាណ២.៥លាននាក់។ ទីក្រុងនេះនិងខេត្ត North Gyeongsang ដែលនៅជាប់គ្នាទទួល បន្ទុករ៉ាប់រងជាង៨០ភាគរយនៃចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេស។ គិតចាប់តាំងពីដើមឆ្នាំនេះ កូរ៉េខាងត្បូងបានធ្វើតេស្តរកមើល COVID-19 លើមនុស្សច្រើនជាង ៥៤៦,០០០នាក់ ក្នុងចំណោមនោះ ៥២១,៦៤២នាក់មាន លទ្ធផលអវិជ្ជមាន ខណៈ ១៤,១៨៦ នាក់កំពុងស្ថិតក្នុងការតាមដាន៕