(ប៉េកាំង)៖ អ្នកជំនាញជនជាតិចិនម្នាក់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានអំពាវនាវកុំឲ្យមានការព្រួយបារម្ភ ចំពោះអាចម៍ផ្កាយមួយដែល កំពុងហោះសំដៅមកកៀកភពផែនដី ព្រោះថាវាគ្មានឱកាសសូម្បីតែបន្តិច ដែលវាអាចបុកភពរបស់យើង។ នេះបើតាមការដកស្រង់ការផ្សាយពី ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០។
អាចម៍ផ្កាយខាងលើមានឈ្មោះសម្គាល់ថា 1998 OR2 ឬ 52768។ វាត្រូវបានទីភ្នាក់ងារអវកាសអាមេរិក NASA ប្រទះឃើញជាលើកដំបូង កាលពីឆ្នាំ១៩៩៨។ ជាមួយអង្គត់ផ្ចិតប្រហែល ២.៥គីឡូម៉ែត្រ អាចម៍ផ្កាយនេះអាចបង្កគ្រោះមហន្តរាយ នៅផ្នែកណាមួយនៃពិភពលោកបាន ប្រសិនបើវាមកបុកចំភពផែនដីពេញមួយទំហឹង។
គួរជម្រាបថា បើតាមលោក ចាវ ហៃប៊ីន (Zhao Haibin) តារាវិទូម្នាក់នៃមន្ទីរតារាសាស្រ្តលើភ្នំពណ៌ស្វាយ (Purple Mountain Observatory) របស់បណ្ឌិតសភាវិទ្យាសាស្រ្តចិន ទីភ្នាក់ងារអវកាសនៅជុំវិញពិភពលោក បាននិងកំពុងបន្តការតាមដានយ៉ាងដិតដល់បំផុតលើវា ហើយទទួលបានទិន្នន័យយ៉ាងត្រឹមត្រូវ ស្តីពីគន្លងធ្វើដំណើររបស់វា។
នៅថ្ងៃទី២៩ ខែមេសា អាចម៍ផ្កាយ 1998 OR2 នឹងហោះមកកៀកភពផែនដី ជាមួយល្បឿន ៨.៦៩គីឡូម៉ែត្រក្នុងមួយវិនាទី ហើយគម្លាតរវាងវា និងភពរបស់យើង គឺនឹងមានចម្ងាយដល់ទៅ ៦.២៨លានគីឡូម៉ែត្រឯណោះ ពោលគឺស្មើចម្ងាយរវាងផែនដីនិងព្រះច័ន្ទ ១៦.៤ដង។ ដូច្នេះហើយ លោក Zhao បានបញ្ជាក់ថា នៅពេលវាហោះកាត់ផែនដី វាគ្មានឱកាសមកបុកចំភពយើងឡើយ។
កន្លងមកនេះអង្គការ NASA បានធ្វើការចាត់ទុកថា អាចម៍ខ្នាតធំដែលហោះមកកៀកភពផែនដី នៅក្នុងរយៈចម្ងាយក្រោម ៧លានគីឡូម៉ែត្រនោះ គឺជាវត្ថុអវកាសដ៏គ្រោះដែលអ្នកជំនាញត្រូវតាមដាន។ ហេតុដូច្នេះទើបសារព័ត៌មានមួយចំនួន បានធ្វើការចេញផ្សាយអំពីការគំរាមកំហែងដោយ 1998 OR2 ដោយបំផ្លើសការពិត ដែលនាំឲ្យមនុស្សជាច្រើនព្រួយបារម្ភ៕