(ព្រុចសែល)៖ នាយកអង្គការសុខភាពពិភពលោក WHO ប្រចាំតំបន់អឺរ៉ុប លោក ហានស៍ គ្លូក (Hans Kluge) បានចាត់ទុកថា បច្ចុប្បន្នទ្វីបអឺរ៉ុបទាំងមូល គឺជា «ចំណុចកណ្ដាលនៃព្យុះ» ខណៈបណ្ដាប្រទេសអឺរ៉ុបមួយចំនួន កំពុងចាប់ផ្ដើមបន្ធូរបន្ថយវិធានការបិទប្រទេស ក្រោយមើលឃើញពីការថមថយនៃករណីឆ្លង និងស្លាប់ដោយសារ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០។
នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ តាមប្រព័ន្ធអនឡាញ លោក Kluge ក៏បានបញ្ជាក់ដែរថា ប្រជាជនអឺរ៉ុបជាង ១លាននាក់បានឆ្លងជំងឺ COVID-19 ឬស្មើនឹង ៥០ភាគរយនៃចំនួនអ្នកឆ្លងសរុបទូទាំងសកលលោក។ លោកបានអំពាវនាវឱ្យបណ្ដារដ្ឋាភិបាលអឺរ៉ុបទាំងអស់ ធ្វើសកម្មភាពបន្ថែម ជាមួយការសង្កត់ធ្ងន់ថា នឹងមិនមានឡើយជ័យជម្នះភ្លាមៗលើ COVID-19។
គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោកធ្លាប់បានព្រមានថា ការបន្ធូរបន្ថយវិធានការរឹតត្បិត អាចនឹងបង្កឱ្យមនុស្សស្លាប់កាន់តែច្រើនដោយសារតែ COVID-19។ ប៉ុន្តែ ប្រទេសអឺរ៉ុបដូចជា បារាំង ដាណឺម៉ាក អាល្លឺម៉ង់ អេស្ប៉ាញ អ៉ីតាលី និងស្វីស បានប្រកាសពីរៀងៗខ្លួនពីការបន្ធូរបន្ថយវិធានការទាំងនេះ ក្រោយករណីឆ្លង និងស្លាប់មានការថមថយ។ ការបន្ធូរបន្ថយរបស់ប្រទេសទាំងនេះ ត្រូវបានគេមើលឃើញថា ដើម្បីកុំឲ្យផលប៉ះពាល់ដល់សេដ្ឋកិច្ច កើនឡើងកាន់តែធ្ងន់ធ្ងរ៕