(ញូយ៉ក)៖ អភិបាលរដ្ឋញូយ៉កលោក អាន់ឌ្រូ គ្យូម៉ូ (Andrew Cuomo) បានថ្លែងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅញូយ៉ក) ថា ការធ្វើពាណិជ្ជកម្មមិនចាំបាច់នានា ព្រមទាំងសាលារៀនផងដែរ នឹងត្រូវបន្តបិទទ្វាររហូតដល់ថ្ងៃទី១៥ ខែឧសភា ដើម្បីឲ្យអាជ្ញាធរអាចបន្តកាត់់បន្ថយអត្រាអ្នកឆ្លងជំងឺ COVID-19 ទៅមុខទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០។
កន្លងមកនេះរដ្ឋញូយ៉កតែឯង មិនត្រឹមតែជាកន្លែងដែលមានករណីឆ្លងជំងឺ COVID-19 ច្រើនជាងគេបំផុតនៅសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏ច្រើនជាងនៅប្រទេសកំពូលៗ ផ្សេងទៀតនៅលើពិភពលោកផងដែរ។ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋស្ថិតនៅភាគឦសាន សហរដ្ឋអាមេរិកមួយនេះ មានករណីឆ្លង COVID-19 សរុបរហូតដល់ទៅ ២២៣,៦៩១ករណី ក្នុងនោះអ្នកស្លាប់មានរហូតដល់ ១៤,៨៣២នាក់ ខណៈសហរដ្ឋអាមេរិកទាំងមូលមានអ្នកឆ្លងសរុប ៦៧៧,៥៧០ករណី ក្នុងនោះស្លាប់សរុប ៣៤,៦១៧នាក់ និងជាសះស្បើយវិញ ៥៧,៥០៨នាក់។
គួរបញ្ជាក់ថា សម្រាប់ការបន្តបិទទ្វារខាងលើនេះ អភិបាលរដ្ឋញូយ៉កក៏បាន ពិភាក្សាជាមួយបណ្តារដ្ឋក្បែរខាងផងដែរ។ លោកអភិបាល អាន់ឌ្រូ គ្យូម៉ូ បានណែនាំឲ្យប្រជាជនក្នុងរដ្ឋបន្តការពាក់ម៉ាស នៅគ្រប់ទីកន្លែងសាធារណៈ និងរាល់ពេលធ្វើដំណើរតាមយានជំនិះផ្សេងៗទៀត។ បន្ថែមពីនេះរដ្ឋញូយ៉ក ក៏ត្រៀមបើកដំណើរការសេដ្ឋកិច្ចឡើងវិញ នៅប៉ុន្មានសប្តាហ៍ខាងមុននេះផងដែរ ក្រោមកិច្ចសហការជាមួយបណ្តារដ្ឋផ្សេងៗទៀត៕