(បរទេស)៖ យោងតាមគេហទំព័រ worldometer គិតត្រឹមម៉ោង ៨៖០០នាទីព្រឹក ថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០ នេះតែម្តង ចំនួនមនុស្សស្លាប់នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងរហូតដល់ ៣៤,៦១៧នាក់ហើយ ខណៈករណីឆ្លងសរុបពេលនេះគឺ ៦៧៧,៥៧០ករណី ក្នុងនោះអ្នកជំងឺសរុប ៥៧,៥០៨នាក់ហើយបានជាសះស្បើយ។
សហរដ្ឋអាមេរិកនៅតែជាមហាអំណាច ដែលមានអ្នកឆ្លង និងស្លាប់ដោយសារតែជំងឺ COVID-19 ខ្ពស់ជាងដាច់តែឆ្ងាយតែម្តង នៅលើពិភពលោក ដោយខ្ពស់ជាងប្រទេសអេស្ប៉ាញ ដែលកំពុងឈរនៅលេខរៀងទី ២ នោះរហូតដល់ទៅជិត ៤ដង បើយើងគិតតែទៅលើចំនួនករណីឆ្លង COVID-19 សរុប។
គួរបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងថា សហរដ្ឋអាមេរិកបានឆ្លងផុតចំណុចកំពូល (Peak) នៃការឆ្លងរាលដាលជំងឺ COVID-19 រួចទៅហើយ ខណៈរដ្ឋមួយចំនួនកំពុងត្រៀមបើកទ្វារឡើងវិញ ក្នុងន័យចាប់ផ្តើមដំណើរការសេដ្ឋកិច្ច៕