(ឡុងដ៍)៖ ក្រសួងសុខាភិបាលចក្រភពអង់គ្លេស នាថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ចំនួនអ្នកឆ្លង COVID-19 នៅចក្រភពអង់គ្លេស បានកើនលើសពី១០០,០០០នាក់ហើយ ដែលជាហេតុធ្វើឲ្យប្រទេសសរុបចំនួន៦ ដែលមានតួលេខអ្នកឆ្លងដល់ខ្ទង់សែនបែបនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចក្រភពអង់គ្លេស តួលេខអ្នកឆ្លង COVID-19 នៅទូទាំងចក្រភពអង់គ្លេស បាន កើនដល់១០៣,០៩៣នាក់ ក្នុងនោះអ្នកបាត់បង់ជីវិតកើនដល់១៣,៧២៩នាក់ បន្ទាប់ពីមានជំងឺចំនួន៨៦១នាក់ទើបតែស្លាប់។ ជុំវិញ ស្ថានការណ៍ COVID-19 រដ្ឋមន្រ្តីសុខាភិបាលចក្រភពអង់គ្លេស បានលើកឡើងថា ចក្រភពអង់គ្លេសជិតឈានដល់ចំណុចកំពូល នៃការឆ្លងរាលដាលហើយ ប៉ុន្តែការបិទប្រទេសគឺនៅតែបន្ត។
គួរជម្រាបថា សម្រាប់ប្រទេស៥ទៀត ដែលមានចំនួនអ្នកឆ្លង COVID-19 ខ្ទង់សែននាក់ រួមមានសហរដ្ឋអាមេរិក អេស៉្បាញ អ៉ីតាលី បារាំង និងអាល្លឺម៉ង់ ដែលក្នុងនោះ អាមេរិកមានអ្នកឆ្លងច្រើនដាច់គេ ដល់ទៅខ្ទង់៦សែននាក់ ខណៈតួលេខរបស់ប្រទេស៤ទៀត ស្ថិតនៅក្រោម២សែននាក់៕