(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ នាថ្ងៃព្រហស្បតិ៍នេះ បានសម្រេចប្រកាសដាក់ប្រទេសជប៉ុនទាំងមូលតែម្តង ទៅក្នុងគ្រាមានអាសន្ន ដោយសារស្ថានការណ៍ឆ្លងរាលដាលនៃជំងឺ COVID-19 នៅតែមិនមានភាពធូរស្រាល។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន CNN នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០។
កាលពីថ្ងៃទី០៧ ខែមេសា លោក ស៊ីនហ្សូ អាបេ បានប្រកាសដាក់ទីក្រុងនិងខេត្តសរុបចំនួន៧ ក្នុងនោះរួមមានទាំងទីក្រុងតូក្យូ ទៅក្នុងគ្រាមានអាសន្ន សម្រាប់រយៈពេលមួយខែ គឺដល់ថ្ងៃទី០៦ ខែឧសភា។ យ៉ាងណាមិញ ក្នុងកិច្ចប្រជុំពិសេសមួយនៅថ្ងៃនេះ ជាមួយក្រុមអ្នកជំនាញផ្នែកសុខាភិបាល លោក អាបេ បានលើកឡើងថា ប្រទេសជប៉ុនទាំងមូល នឹងត្រូវដាក់ទៅក្នុងគ្រាអាសន្ន គឺពង្រីកបន្ថែមពីលើ៧ទីក្រុងនិងខេត្ត ដែលត្រូវបានដាក់ក្នុងគ្រាអាសន្ននាពេលកន្លងមក ប៉ុន្តែរយៈពេលនៅដដែល គឺដល់ថ្ងៃទី០៦ ខែឧសភា។
គួរជម្រាបថា យោងតាមទិន្នន័យវែបសាយ Worldometers ចំនួនសរុបនៃអ្នកឆ្លង COVID-19 នៅប្រទេសជប៉ុន មាន៨,៦២៦នាក់ ក្នុងនោះស្លាប់១៧៨នាក់ និងជាសះស្បើយ៩០១នាក់៕