(ឡុងដ៍)៖ ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងចក្រភពអង់គ្លេស បានចាប់ផ្ដើមឈានទៅរកចំណុចកំពូលហើយ ប៉ុន្តែវាដូចជាលឿនពេក ក្នុងការលុបចោលវិធានការបិទប្រទេស ព្រោះការធ្វើបែបនេះ នឹងនាំឱ្យជំងឺរាតត្បាតសកលមួយនេះ ស្ថិតនៅក្រៅការគ្រប់គ្រង ក្នុងករណីរដ្ឋាភិបាលបន្ធូរបន្ថយវិធានការគម្លាតសុវត្ថិភាព។ នេះ បើតាមរដ្ឋមន្ត្រីសុខាភិបាលចក្រភពអង់គ្លេស លោក ម៉ាត់ ហានខក់ (Matt Hancock) ដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន CNA នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០។
មកទល់នឹងពេលនេះ ចក្រភពអង់គ្លេសឈរនៅលេខរៀងទី៥ ក្នុងនាមជាប្រទេសមានអ្នកស្លាប់ច្រើនជាងគេ ដោយសារជំងឺ COVID-19 នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក អ៉ីតាលី អេស្ប៉ាញ និងបារាំង។ វិធានការបិទប្រទេស និងគម្លាតសុវត្ថិភាពកំពុងលេចចេញជាលទ្ធផលជាបណ្ដើរ ដោយចំនួនអ្នកឆ្លង និងស្លាប់នៅទូទាំងចក្រភពអង់គ្លេសមានការថមថយបន្តិច ដែលនេះជំរុញឱ្យរដ្ឋាភិបាលអង់គ្លេស បើកកិច្ចប្រជុំមួយនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិនិត្យមើលឡើងវិញលើវិធានការទាំងនេះ។
តែយ៉ាងនេះក្ដី ដូចគ្នាទៅនឹងការគិតរបស់ លោក Matt Hancock និងលោករដ្ឋមន្ត្រីការបរទេសអង់គ្លេស ដូមីនីក រ៉ាអេប (Dominic Raab) ជារដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស និងកំពុងដឹកនាំការងារជំនួស លោកនាយករដ្ឋមន្ត្រី បូរីស ចនសុន (Boris Johnson) បញ្ជាក់យ៉ាងច្បាស់ៗថា នឹងមិនមានការដក ឬលុបចោលវិធានការបិទប្រទេស ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្ត កាលពីថ្ងៃទី២៣ ខែមីនាភ្លាមៗនោះទេ។
បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃពុធម្សិលមិញ ចក្រភពអង់គ្លេស មានអ្នកឆ្លង COVID-19 សរុប ៩៨,៤៧៦នាក់ ក្នុងនោះស្លាប់ ១២,៨៦៨នាក់ ខណៈអ្នកជាសះស្បើយមិនទាន់មានការបញ្ជាក់នៅឡើយទេ៕