(វៀងច័ន្ទ)៖ អាជ្ញាធរសុខាភិបាលឡាវបានធ្វើតេស្តរកជំងឺ COVID-19 លើជនសង្ស័យចំនួន ២៣នាក់បន្ថែមទៀត កាលពីថ្ងៃពុធម្សិលមិញនេះ ហើយលទ្ធផលបានបង្ហាញថា «អវិជ្ជមាន» ទាំងអស់គ្នាដែលធ្វើឲ្យប្រទេសអាស៊ានមួយនេះ នៅតែមានចំនួនអ្នកឆ្លងជំងឺនេះសរុបត្រឹម ១៩ករណីដដែល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០។
អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលឡាវលោក ភូថុន មេអ៊ុងប៉ាក (Phouthone Meaungpak) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ យ៉ាងដូច្នេះថា «ចំនួនករណីសរុបនៃជំងឺ COVID-19 នៅក្នុងប្រទេសឡាវនៅតែមានចំនួន ១៩ករណីដដែលដោយសារតែពុំមានករណីឆ្លងថ្មីណាមួយ ត្រូវបានរាយការណ៍នៅថ្ងៃនេះទេ»។
គួរជម្រាបថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះអាជ្ញាធរឡាវបានធ្វើតេស្ត COVID-19 លើជនសង្ស័យចំនួន ១,២៨៨នាក់ ដោយក្នុងនោះមាន ១៩នាក់មានលទ្ធផលវិជ្ជមាន ចំពោះ COVID-19 ហើយក្នុងចំណោមអ្នកឆ្លងទាំង ១៩ករណីនេះទៀតសោត មាន ០២នាក់បានជាសះស្បើយឡើងវិញ និងគ្មានអ្នកបាត់បង់ជីវិតឡើយ៕