(ប៉េកាំង)៖ អង្គការសុខភាពពិភពលោក (WHO) ធ្លាប់បានអះអាងជាច្រើនដងថា គ្មានភស្ដុតាងណាមួយបង្ហាញថា COVID-19 ដែលបានចម្លងដល់មនុស្ស ច្រើនជាង ២លាននាក់ នៅជុំវិញពិភពលោកមានប្រភពចេញពីមន្ទីរពិសោធន៍នោះទេ។ នេះជាការបញ្ជាក់ជាថ្មីឡើងវិញ របស់ក្រសួងការបរទេសចិន ដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន Straits Times នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីចៀន (Zhao Lijian) ធ្វើការកត់សម្គាល់ខាងលើ ជាការឆ្លើយតបទៅនឹងសំនួរពាក់ព័ន្ធនឹងការចោទប្រកាន់ថា COVID-19 បានប្រភពដើមចេញពីមន្ទីរពិសោធន៍មួយ នៅក្នុងទីក្រុងវូហាន ជាទីដែលជំងឺដ៏កាចសាហាវនេះផ្ទុះឡើងដំបូង កាលពីចុងឆ្នាំ២០១៩។ មុនការលើកឡើងរបស់ លោក Zhao Lijian ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថា រដ្ឋបាលរបស់លោក កំពុងធ្វើការស៊ើបអង្កេតមួយដើម្បីកំណត់ថា តើមេរោគកូរ៉ូណា (COVID-19) មានប្រភពចេញពីមន្ទីរពិសោធន៍ ក្នុងទីក្រុងវូហានមែន ឬក៏យ៉ាងណា ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ទទូចឱ្យចិនចេញមកសារភាព ចំពោះអ្វីដែលខ្លួនបានដឹងពីជំងឺនេះ។
យ៉ាងណាក៏ដោយមកទល់នឹងពេលនេះ មិនទាន់មានការសន្មត់ ឬភស្តុតាងរឹងមាំអាចបញ្ជាក់ថា COVID-19 ត្រូវបានបង្កើតឡើងចេញពីមន្ទីរពិសោធន៍ឡើយ ហើយចិនផ្ទាល់ក៏ធ្លាប់បានបង្ហាញ ការសង្ស័យលើយោធាអាមេរិកផងដែរថា ជាអ្នកនាំវីរុសកូរ៉ូណាប្រភេទថ្មី មកកាន់ទីក្រុងវូហាន ខណៈអត្ថបទចេញផ្សាយដោយ Global Research ក៏ធ្លាប់ បានប្រមូលផ្តុំនូវការសង្ស័យជាច្រើនដូចគ្នាថា វីរុសកូរ៉ូណាថ្មីនេះគឺត្រូវបានបង្កើតឡើងដោយសហរដ្ឋអាមេរិក ដែលប្រការនេះបានធ្វើឲ្យលោក ដូណាល់ ត្រាំ ផ្ទុះកំហឹងផងដែរ៕