(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌានៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសរបស់ខ្លួនបានកើនដល់ ៤១៤ នាក់ ខណៈករណីឆ្លងវិញបានកើនឡើងដល់ ១២,៣៨០ នាក់នៅទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងយ៉ាងដូច្នេះថា «គិតត្រឹមម៉ោង ០៨៖០០ ព្រឹក(ម៉ោងក្នុងតំបន់) ថ្ងៃនេះ ប្រទេសឥណ្ឌាបានកត់ត្រាករណីស្លាប់ដែលទាក់ទងទៅនឹងជំងឺ COVID-19 ចំនួន៤១៤នាក់»។ ជាមួយគ្នានេះក្រសួងសុខាភិបាលឥណ្ឌា ក៏បានបញ្ជាក់ប្រាប់ថា ករណីអ្នកស្លាប់ថ្មីចំនួន២២នាក់ និងករណីអ្នកឆ្លងថ្មីចំនួន ៤៤៧ ករណីបន្ថែមទៀត ទើបតែត្រូវបានរាយការណ៍ ដែលនាំឲ្យករណីឆ្លងសរុបបានកើនដល់ ១២,៣៨០នាក់នៅទូទាំងប្រទេស ក្នុងនោះអ្នកជំងឺចំនួន១,៤៨៩នាក់ ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ។
គួរជម្រាបថា នៅចំពោះមុខការឆ្លងរីករាលដាលនៃជំងឺ COVID-19 អាជ្ញាធរប្រទេសឥណ្ឌាបានចាត់វិធានការបិទទ្វារប្រទេស តាំងពីថ្ងៃទី ២៥ ខែមីនាមកម្លេះ ហើយវិធានការនេះនឹងត្រូវពន្យាពេលរហូតដល់ថ្ងៃទី ០៣ ខែឧសភាខាងមុខ។ ស្រុកទាំងអស់នៃប្រទេសនេះត្រូវបានបែងចែកទៅជាបីតំបន់ គឺតំបន់ដែលមានករណីឆ្លងខ្លាំង តំបន់ដែលករណីឆ្លងមិនខ្លាំង និងតំបន់ប៉ៃតងដែលមិនមានករណីឆ្លង៕