(ស៊ីដនី)៖ រដ្ឋាភិបាលសហព័ន្ធអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០នេះ បានជំរុញឲ្យអភិបាលរដ្ឋនានារបស់ខ្លួន បើកសាលារៀនឡើងវិញ ខណៈពេលដែលខ្លួនកំពុងពិចារណាលើការដកវិធានការរឹតត្បិតមួយចំនួនឡើងវិញ ដ្បិតថាសន្ទុះនៃការឆ្លងរីករាលដាលនៃជំងឺ COVID-19 នៅទូទាំងប្រទេស ហាក់មានការថយចុះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
នៅចំពោះមុខការឆ្លងរីករាលដាល នៃជំងឺ COVID-19 អាជ្ញាធរអូស្រ្តាលីបានចាត់វិធានការរឹតត្បិតមួយចំនួនធំ តួយ៉ាងដូចជាបិទភោជនីយដ្ឋាន ក្លឹបកម្សាន្ត និងហាងទំនិញដែលមិនចាំបាច់នានា។ លើសពីនោះទៀត អាជ្ញាធរអូស្រ្តាលីក៏បានដាក់វិធានការផាកពិន័យជាទឹកប្រាក់ និងជាប់ពន្ធនាគារសម្រាប់ជនណាដែលល្មើសនឹងបទបញ្ញាត្តិ ដែលហាមឃាត់មិនឲ្យមានការប្រមូលផ្តុំគ្នាច្រើនទៀតផង។
បើយោងតាមអ្នកជំនាញ វិធានការទាំងអម្បាលមាណនេះ ពិតជាមានប្រសិទ្ធិភាពក្នុងការកាត់បន្ថយចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 បានពិតប្រាកដមែននៅទូទាំងប្រទេសតែម្តង។ ទោះជាយ៉ាងណា រដ្ឋាភិបាលសហព័ន្ធរបស់អូស្រ្តាលីបាននិយាយថា ខ្លួនចង់ឲ្យសាលារៀនបើកដំណើរការឡើងវិញ ដោយបានលើកអំណះអំណាងតាមបែបវេជ្ជសាស្ត្រថា កុមារគឺមានហានិភ័យទាបក្នុងការឆ្លងវីរុសនេះ។
លោក Josh Frydenberg រដ្ឋមន្រ្តីរតនាគារជាតិអូស្រ្តាលីបានថ្លែងប្រាប់ទូរទស្សន៍ជាតិអូស្រ្តាលីថា «វាជាបញ្ហាប្រឈមលំបាកមួយ ហើយយើងមិនចង់ឲ្យក្មេងៗខកខានការសិក្សារយៈពេលពេញមួយឆ្នាំនោះទេ។ ជំងឺរាតត្បាតសកលនេះ វាបានយកអ្វីៗជាច្រើនពីយើង តែយើងមិនចង់ឲ្យវាឆក់យកការអប់រំពីកូនៗរបស់យើងឡើយ»។
គួរជម្រាបថា រហូតមកទល់នឹងពេលនេះ ប្រទេសអូស្ត្រាលីបានកត់ត្រាចំនួនអ្នកឆ្លងសរុប នៃជំងឺ COVID-19 ចំនួន៦,៤៦២ករណី ដោយក្នុងនោះមានអ្នកជំងឺចំនួន៦៣នាក់ស្លាប់បាត់បង់ជីវិត ខណៈ ៣,៧០២បានជាសះស្បើយឡើងវិញ៕