(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មី នៃជំងឺ COVID-19 ចំនួន ២៩ ករណីបន្ថែមទៀត និងអ្នកស្លាប់ ៣នាក់។ នេះបើតាមការចេញផ្សាយសារព័ត៌មាន Straitstimes នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០។
លោក ថាវីស៊ីន វីសានុយុទ្ធិន (Taweesin Wisanuyothin) អ្នកនាំពាក្យអង្គភាពប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នៅក្នុងប្រទេសថៃ បានគូសបញ្ជាក់ថា ក្នុងចំណោម ករណីឆ្លងថ្មីទាំង ២៩ករណីខាងលើ មាន ១៤ករណីមានទំនាក់ទំនងនឹងករណីឆ្លងមុនៗ, ០៥ករណី មិនមានទំនាក់ទំនងនឹងករណីពីមុនៗ មកទេ។ ដោយឡែក ១០ករណីទៀត កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរកប្រភពនៅឡើយ។
គួរជម្រាបថា បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យអ្នកឆ្លង COVID-19 សរុបនៅក្នុងប្រទេសថៃ កើនដល់ ២,៦៧២នាក់ ក្នុងនោះអ្នកជំងឺ៤៦ នាក់បានស្លាប់ ខណៈ ១,៥៩៣ នាក់ បានជាសះស្បើយឡើងវិញ និងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះ៕