(កាណាដា)៖ ចំនួនអ្នកស្លាប់សរុបដោយសារជំងឺ COVID-19 នៅទូទាំងប្រទេសកាណាដា បានកើនឡើងដល់ ១,០១០នាក់ហើយ គិតត្រឹមល្ងាចថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងអូតតាវ៉ា) ខណៈចំនួនករណីឆ្លងវិញបានកើនដល់លើស ២៩,០០០នាក់។ នេះបើតាមទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលកាណាដា ដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០។
មកទល់នឹងបច្ចុប្បន្នខេត្ត កេប៊ិច (Quebec) មានអ្នកជំងឺ COVID-19 ស្លាប់ ៤៨៧នាក់ ដែលតួលេខខ្ពស់ជាងគេនៅក្នុងចំណោមខេត្តទាំងអស់នៃប្រទេស កាណាដា។ ចំណែកឯ អនតារីយ៉ូ (Ontario) ដែលជាខេត្តធំជាងគេបំផុត បានរាយការណ៍ពីអ្នកស្លាប់ថ្មី ៥១នាក់បន្ថែមកាលពីថ្ងៃពុធ ធ្វើឱ្យអ្នកស្លាប់សរុបកើនដល់ ៣៨៥នាក់។
ដោយឡែកបើគិតករណីឆ្លងវិញ ខេត្ត Quebec នៅតែឈរនៅលើគេដដែល ដោយមានអ្នកឆ្លង ១៤,៨៦០នាក់ និង៨,៤៤៧នាក់ នៅខេត្ត Ontario ហើយខេត្តទាំង ២នេះទៀតសោត តំណាងឱ្យករណីឆ្លង ៨៥ភាគរយ នៃករណីឆ្លងទូទាំងប្រទេសចំនួន ២៩,៣៧៩ករណី ក្នុងនោះជិត ៩,០០០នាក់បានជាសះស្បើយឡើងវិញ៕