(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសរបស់លោកបានឆ្លងផុតចំណុចកំពូលនៃ COVID-19 ហើយ ខណៈរដ្ឋមួយចំនួន នឹងចាប់ផ្ដើមបើកទ្វារឡើងវិញនៅក្នុងខែមេសានេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ខាងលើ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្ដីពីស្ថានភាពជំងឺ COVID-19 នៅឯសេតវិមាននៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន)។ ស្ថិតក្នុងឱកាសនោះ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ទិន្នន័យបានបង្ហាញថា... យើងបានឆ្លងផុតចំណុចកំពូលនៃ COVID-19ហើយ។ យើងសង្ឃឹមថា វានឹងបន្តបែបនេះ ហើយយើងនឹងបន្តរក្សាភាពជឿនលឿន ដ៏អស្ចារ្យទៅមុខទៀត»។ លោក ត្រាំ បានសង្កត់ធ្ងន់ថា សេចក្ដីណែនាំពីការបើកទ្វារឡើងវិញ អាចនឹងត្រូវបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ (ម៉ោងវ៉ាស៊ីនតោន) បន្ទាប់ពីជជែកជាមួយអភិបាលរដ្ឋនានា។
ប៉ុន្តែទន្ទឹមគ្នា នៅពេលត្រូវបានចោទសួរថា តើហេតុអ្វីបានជាសហរដ្ឋអាមេរិក មានចំនួនអ្នកស្លាប់ ដោយសារ COVID-19 ច្រើនជាងគេនៅលើពិភពលោក ប្រធានាធិបតីអាមេរិករូបនេះ បានឆ្លៀតចោទប្រកាន់បណ្ដាប្រទេសដទៃមួយចំនួនថា បានបិទបាំង និងកុហកពីតួលេខអ្នកស្លាប់។ «តើមាននរណាម្នាក់ អាចជឿជាក់បានទេពីចំនួនអ្នកស្លាប់ និងឆ្លងនៅក្នុងប្រទេសទាំងនេះ?»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ត្រាំ ដោយចង់ចោទទៅលើចិនតែម្ដង។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers គិតត្រឹមពេលនេះ សហរដ្ឋអាមេរិកមានករណីឆ្លងជំងឺ COVID-19 សរុប ៦៤៤,០៨៩ករណី ក្នុងនោះមាន ២៨,៥២៩នាក់ស្លាប់ និងជាសះស្បើយ ៤៨,៧០៨នាក់៕