(កងបេរ៉ា)៖ ក្រុមអ្នកស្រាវជ្រាវនៅប្រទេសអូស្រ្តាលី ទើបតែសម្រេចបានជោគជ័យជំហានដំបូង ក្នុងការអភិវឌ្ឍប្រព័ន្ធតាមដានវត្តមាន COVID-19 តាមរយៈការរកឃើញសំណាកនៃមេរោគនេះ នៅក្នុងកាកសំណល់ទឹកកខ្វក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០។
ក្រុមអ្នកវិទ្យាសាស្រ្តនៃអង្គការស្រាវជ្រាវ CSIRO និងសាកលវិទ្យាល័យរដ្ឋឃ្វីនស៍លែនដ៍ (Queensland) បានសម្រេចជោគជ័យ ក្នុងការបង្ហាញនូវវត្តមាននៃមេរោគ COVID-19 នៅក្នុងកាកសំណល់ទឹកកខ្វក់។ វាគឺជាជំហានដំបូង ក្នុងការបង្កើតប្រព័ន្ធមួយ ដែលមានសមត្ថភាពតាមដានវត្តមាន COVID-19 នៅតាមទីតាំងភូមិសាស្រ្តនានា។
លោក ឡារី ម៉ាសល (Larry Marshall) នាយកប្រតិបត្តិនៃអង្គការ CSIRO បាននិយាយដូច្នេះថា «ក្តីសង្ឃឹមគឺនៅទីបញ្ចប់ យើងនឹងពុំត្រឹមតែអាចរកឃើញទីតាំងភូមិសាស្រ្ត ដែលមានវត្តមានវីរុស COVID-19 ប៉ុណ្ណោះទេ តែថែមទាំងអាចគណនានូវចំនួនប្រហាក់ប្រហែល នៃចំនួនអ្នកឆ្លងពិតប្រាកដ នៅតាមតំបន់នីមួយៗ ដោយពុំចាំបាច់មានការធ្វើតេស្តជាក់ស្តែង លើមនុស្សគ្រប់គ្នាថែមទៀត»។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ នៅក្នុងប្រទេសអូស្រ្តាលីមានករណីឆ្លង COVID-19 សរុបជាង ៦,៤០០ករណី ក្នុងនោះស្លាប់ ៦៣នាក់ ប៉ុន្តែអត្រាឆ្លង និងស្លាប់ថ្មីៗមិនបានកើនឡើងច្រើននោះឡើយ នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយសារតែវិធានការទប់ស្កាត់ របស់រដ្ឋាភិបាលអូស្រ្តាលីយ៉ាងតឹងរ៉ឹងបំផុត៕