(សេអ៊ូល)៖ ក្នុងឱកាសប្រារព្ធពិធីអរអបខួបកំណើត របស់អតីតមេដឹកនាំកូរ៉េខាងជើង លោក គីម អ៉ីលស៊ុង នាសប្តាហ៍នេះ គេសង្កេតឃើញថា ពុំមានវត្តមានលោក គីម ជុងអ៊ុន នោះឡើយ ដែលប្រការនេះធ្វើឲ្យក្រុមអ្នកវិភាគយល់ឃើញថា លោក គីម ជុងអ៊ុន ហាក់កំពុងព្យាយាមផ្តោតទៅលើ ការពង្រឹងអំណាចរបស់លោកនាពេលបច្ចុប្បន្នផ្ទាល់ ជាជាងបន្តពឹងផ្អែកលើអតីតកាល នៃគ្រួសាររបស់លោក។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០។
ថ្ងៃទី១៥ ខែមេសា ដែលជាថ្ងៃខួបកំណើតរបស់លោក គីម អ៉ីលស៊ុង បិតាស្ថាបនិករបស់ប្រទេសកូរ៉េខាងជើង គឺជាទិវាដ៏សំខាន់បំផុតនៅក្នុង ប្រទេសនេះ។ ប្រជាជនកូរ៉េខាងជើងទាំងអស់ ត្រូវបានអប់រំតាំងតែពីកើតមក ឲ្យគោរព និងដឹងគុណជានិច្ចចំពោះលោក គីម អ៉ីលស៊ុង និងកូនប្រុសរបស់គាត់ គឺលោក គីម ជុងអ៉ីល ដែលត្រូវជាឪពុកលោក គីម ជុងអ៊ុន។
យ៉ាងណាមិញ សម្រាប់ការប្រារព្ធទិវាខួបលោក គីម អ៉ីលស៊ុង នៅឆ្នាំនេះ គេពុំបានឃើញមានការលើកឡើងពីឈ្មោះលោក គីម ជុងអ៊ុន នៅក្នុងសេចក្តីរាយការណ៍ព័ត៌មានផ្លូវការណាមួយ របស់រដ្ឋាភិបាលកូរ៉េខាងជើងឡើយ ខណៈចាប់តាំងតែពីឡើងកាន់អំណាច នៅចុងឆ្នាំ២០១១ លោក គីម ជុងអ៊ុន តែងតែមានវត្តមានជានិច្ច នៅថ្ងៃខួបកំណើតរបស់លោក គីម អ៉ីលស៊ុល ក៏ដូចជាខួបរបស់លោក គីម ជុងអ៉ីល។
គួរជម្រាបថា យោងតាមការយល់ឃើញរបស់ក្រុមអ្នកវិភាគ លោក គីម ជុងអ៊ុន ហាក់កំពុងព្យាយាមដកខ្លួនឲ្យឃ្លាតឆ្ងាយ ពីអតីតកាលនៃគ្រួសាររបស់លោក។ លោក គីម ជុងអ៊ុន ចង់បង្ហាញថា ពេលវេលារបស់លោក គីម ជុងអ៉ីល និងលោក គីម អ៉ីលស៊ុល នាពេលនេះត្រូវបានបញ្ចប់ហើយ។ លោក គីម ជុងអ៊ុន ចង់ឲ្យពិភពលោកមើលឃើញថា លោកជាមេដឹកនាំសម័យទំនើប និងពោរពេញដោយសមត្ថភាព ហើយលោកចង់កាត់បន្ថយបន្តិចម្តងៗ នូវការនៅតែបន្តគោរពស្រឡាញ់យ៉ាងងប់ងល់លើអតីតមេដឹកនាំ ០២រូបមុន ព្រោះវាផ្ទុយវត្ថុបំណងរបស់លោក ដែលចង់ប្រែក្លាយកូរ៉េខាងជើង ទៅជារដ្ឋធម្មតាមួយ៕