(ហ្សឺណែវ)៖ អគ្គលេខាធិការនៃអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម (Tedros Adhanom) នាថ្ងៃពុធសប្តាហ៍នេះបាននិយាយថា នាពេលសមរម្យណាមួយ WHO នឹងផ្តល់ឱកាសឲ្យរដ្ឋជាសមាជិកទាំងអស់ រួមគ្នាវាយតម្លៃទៅលើការធ្វើប្រតិបត្តិការ ជាទូទៅរបស់ស្ថាប័នអន្តរជាតិមួយនេះ ឆ្លើយតបចំពោះ វិបត្តិនៃជំងឺរាតត្បាតសកល COVID-19។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០។
លោក Tedros បាននិយាយដូច្នេះថា «នាពេលសមរម្យមួយ ប្រតិបត្តិការរបស់អង្គការ WHO ជុំវិញវិបត្តិ COVID-19 នឹងត្រូវវាយតម្លៃដោយសមាជិករបស់ WHO ផ្ទាល់ ក៏ដូចជាអង្គការឯករាជ្យដទៃៗទៀត ដើម្បីធានានូវភាពជឿជាក់ និងការទទួលខុសត្រូវរបស់អង្គការអន្តរជាតិនេះ»។ លោក Tedros បានបង្ហាញការជឿជាក់ថា តាមរយៈការវាយតម្លៃនោះ WHO នឹងទទួលបានចំណុចដែលត្រូវលើកកម្ពស់ឲ្យប្រសើរឡើង ព្រមទាំងបទពិសោធន៍ដែលត្រូវរៀនសូត្រ ប៉ុន្តែសម្រាប់ពេលនេះ អ្វីដែលត្រូវផ្តោតសំខាន់គឺបញ្ឈប់ការរាតត្បាតនៃ COVID-19 ហើយជួយសង្រ្គោះជីវិតមនុស្ស។
លោកអគ្គលេខាធិការ WHO បានថ្លែងចេញពីទីស្នាក់ការកណ្តាល នៅទីក្រុងហ្សឺណែវនៃប្រទេសស្វីស តាមបណ្តាញវីដេអូខុនហ្វឺរិនថា អង្គការលោកពិតជាអរគុណណាស់ចំពោះ ប្រជាជន អង្គការ និងបុគ្គលជាច្រើន ដែលបានបង្ហាញការគាំទ្រ និងការប្តេជ្ញាចិត្តចំពោះ WHO នាពេលថ្មីៗកន្លងទៅនេះ ជាពិសេសជុំវិញការជួយតាមផ្នែកហិរញ្ញវត្ថុតែម្តង។
គួរជម្រាបថា ការលើកឡើងរបស់លោក Tedros បានកើតមាន បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសផ្អាកការបង់ ថវិកាឲ្យអង្គការ WHO ដោយចោទថា WHO ធ្វើការងារមិនបានល្អ និងបិទបាំងព័ត៌មានពាក់ព័ន្ធ COVID-19។ ការចោទប្រកាន់ និងសម្រេច ចិត្តបែបនេះរបស់លោក ត្រាំ ត្រូវបានធ្វើឡើង ស្របពេលដែលនៅសហរដ្ឋអាមេរិកមានមនុស្សឆ្លង និងស្លាប់ច្រើនបំផុតលើពិភពលោក ដោយសារតែជំងឺ COVID-19៕