(ប៉ារីស)៖ ក្រសួងការពារជាតិបារាំងបានទទួលស្គាល់ថា ពីរភាគបីនៃនាវិកជិត ២,០០០នាក់ នៅលើនាវាដឹកយន្ដហោះចម្បាំងមួយគ្រឿង និងនាវាចម្បាំងអមដំណើរត្រូវបានធ្វើតេស្ដ និងចេញលទ្ធផលវិជ្ជមានចំពោះ COVID-19។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០។
នាវិក ៦៦៨នាក់មកពីនាវាដឹកយន្ដហោះចម្បាំង ឆាល ដឺ ហ្គល (Charles de Gaulle) និងនាវាចម្បាំងអមដំណើរពីរគ្រឿងទៀត បានឆ្លងជំងឺ COVID-19 ហើយក្នុងនោះមាន ៣១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈម្នាក់កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ កាលពីសប្ដាហ៍មុន Charles de Gaulle បានប្តូរទិសដៅត្រឡប់ក្រោយវិញ ១០ថ្ងៃមុននឹងត្រូវដាក់ពង្រាយទៅកាន់តំបន់ដែនសមុទ្រអាត្លង់ទិក (Atlantic) ដើម្បីចូលរួមក្នុងសមយុទ្ធយោធារបស់អង្គការ NATO បន្ទាប់ពីសមាជិកនាវិក មួយចំនួនមានរោគសញ្ញា COVID-19។
បើតាមក្រសួងការពារជាតិបារាំង បច្ចុប្បន្នក្រុមនាវាចម្បាំងខាងលើ កំពុងទទួលការបាញ់សម្លាប់មេរោគ៕