(វ៉ាស៊ីនតោន)៖ ក្រុមអ្នកស្រាវជ្រាវអាមេរិកមកពី សាលាសុខាភិបាលសាធារណៈហាវើដ (Harvard School of Public Health) នៃសាកលវិទ្យាល័យ Harvard បានបញ្ជាក់ថា សហរដ្ឋអាមេរិកអាចនឹងនៅតែបន្តការអនុវត្ត «វិធានការរក្សាគម្លាតសុវត្ថិភាព» រហូតដល់ឆ្នាំ២០២២ បើសិនជា មិនមានវ៉ាក់សាំង COVID-19 ទេនោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន France 24 នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០។
ការសន្និដ្ឋានខាងលើ ធ្វើឡើងនៅក្នុងការសិក្សាថ្មីមួយ ចុះផ្សាយលើទស្សនាវដ្ដីវិទ្យាសាស្ត្រ (Science) និងបន្ទាប់ពីមនុស្សច្រើនជាង ២,២០០នាក់បានស្លាប់ ដោយសារ COVID-19 ក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ កាលពីថ្ងៃអង្គារកន្លងទៅ (ពេលវេលានៅអាមេរិក)។ ក្រុមអ្នកស្រាវជ្រាវអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក អាចនឹងត្រូវបន្តអនុវត្តវិធានការ គម្លាតសុវត្ថិភាព រហូតដល់ឆ្នាំ២០២២ បើសិនជាពុំមានវ៉ាក់សាំង COVID-19 ទេនោះ»។
បន្ថែមពីខាងលើនេះ ដោយលើកឧទាហរណ៍ប្រទេសកូរ៉េខាងត្បូង និងសង្ហបុរី ជាគំរូ ក្រុមអ្នកស្រាវជ្រាវអាមេរិក ក៏បានសង្កត់ធ្ងន់ដែរថា វិធានការរក្សាគម្លាតដើម្បីសុវត្ថិភាព គឺមានប្រសិទ្ធភាពខ្ពស់ អាចកាត់បន្ថយការឆ្លង COVID-19 ហើយធ្វើឱ្យការកំណត់អ្នកឆ្លង និងអ្នកមានទំនាក់ទំនងជាមួយអ្នកឆ្លង COVID-19 កាន់តែមានភាពងាយស្រួល ដើម្បីអនុវត្តវិធានការស្ថិតនៅដាច់ដោយឡែក។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers សហរដ្ឋអាមេរិក គិតត្រឹមថ្ងៃពុធសប្តាហ៍នេះមានករណីឆ្លង COVID-19 សរុប ៦៤៤,០៨៩ករណី ក្នុងនោះ ២៨,៥២៩នាក់បានស្លាប់ និងជាសះស្បើយឡើងវិញ ៤៨,៧០១នាក់៕