(ញូយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បាននិយាយថា មានតែវ៉ាក់សាំងប្រឆាំង COVID-19 មួយគត់ ដែលអាចធ្វើឱ្យស្ថានភាពវិលទៅរក «ភាពប្រក្រតី» វិញបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០។
លោក Antonio Guterres បាបធ្វើការកត់សម្គាល់ដូចខាងលើនេះ កំឡុងសន្និសីទសារព័ត៌មានមួយ តាមរយៈវីដេអូខុនហ្វឺរិន ជាមួយថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាហ្វ្រិក នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់)។ ប្រមុខ UN រូបនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា «មានតែវ៉ាក់សាំងប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពតែមួយប៉ុណ្ណោះ ដែលអាចនាំពិភពលោកត្រឡប់ទៅរកភាពប្រក្រតីវិញ សង្រ្គោះជីវិតមនុស្សរាប់លាននាក់ និងសន្សំសំចៃប្រាក់រាប់ទ្រីលានដុល្លារ»។
លោក Antonion Guterres បានសង្កត់ធ្ងន់ថា «ពិភពលោកត្រូវតែពន្លឿនការអភិវឌ្ឍវ៉ាក់សាំង និងគិតគូរពីផលប្រយោជន៍រួមជាសកល ដើម្បីកម្ចាត់ជំងឺរាតត្បាតសកល COVID-19»។
គួរជម្រាបថា លោក Antonio Guterres កាលពីថ្ងៃទី២៥ មីនាកន្លងទៅ ធ្លាប់បានអំពាវនាវឲ្យផ្តល់ជំនួយជាថវិកា ២ពាន់លានដុល្លារ សម្រាប់កិច្ចការមនុស្សធម៌ប្រយុទ្ធប្រឆាំងនឹង COVID-19 ។ តែបើតាមលោកប្រមុខ UN មកទល់នឹងពេលនេះ អង្គការនេះអាចប្រមូលបានតែ ២០ភាគរយប៉ុណ្ណោះ នៃថវិកាដែលបានស្នើសុំ៕