(សេអ៊ូល)៖ គណបក្សកាន់អំណាចកូរ៉េខាងត្បូង បានទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសភាមុនកាលកំណត់ ដែលបានបិទបញ្ចប់ទៅកាលពីថ្ងៃពុធ ខណៈដែលការដោះស្រាយវិបត្តិកូរ៉ូណា ប្រកបដោយភាពវិជ្ជមាន បានធ្វើឲ្យប្រជាប្រិយភាពលោក មូន ចេអ៉ីន កើនឡើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០។
បើតាមលទ្ធផលបោះឆ្នោត ដែលត្រូវបានបញ្ចេញជាលើកដំបូងនោះ គណបក្សប្រជាធិបតេយ្យរបស់លោក មូន ចេអ៉ីន បានទទួលអសនៈចំនួន ១៦៣ ក្នុងចំណោមអសនៈសរុប ៣០០ នៅក្នុងសភាជាតិ ដែលប្រការនេះមានន័យថា គណបក្សកំពុងកាន់អំណាចមួយនេះ ទទួលបានសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភាហើយ។
ដោយឡែកសម្រាប់បក្សប្រឆាំងដែលមានឈ្មោះថា គណបក្សសម្ព័ន្ធដើម្បីអនាគត (UFP) វិញ បានទទួលអសនៈសរុបចំនួន ៩៧។ សម្រាប់អត្រាពលរដ្ឋចេញទៅបោះឆ្នោតក្នុងឆ្នាំ២០២០ នេះវិញគឺមានរហូតដល់ ៦៦.២ភាគរយឯណោះ ដែលជាចំនួនខ្ពស់មិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីការបោះឆ្នោតសភានៅកូរ៉េខាងត្បូង កាលពីឆ្នាំ១៩៩២។
គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក មូន ចេអ៉ីន បានទទួលការកោតសរសើរ ទាំងថ្នាក់ជាតិ និងអន្តរជាតិ អំពីការឆ្លើយតបដ៏មានប្រសិទ្ធភាពចំពោះ បញ្ហារីករាលដាលនៃជំងឺ COVID-19 ក្នុងនោះមានដូចជា ការប្រឹងទប់ស្កាត់ការឆ្លងបន្ថែម, ការធ្វើឲ្យអត្រាមនុស្សស្លាប់ទាប បើធៀបនឹងប្រទេសដទៃ និងការព្យាបាលអ្នកជំងឺភាគច្រើនបំផុត ឲ្យបានជាសះស្បើយឡើងវិញ៕