(បរទេស)៖ អង្គការសុខភាពពិភពលោកហៅកាត់ថា WHO គឺជាទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិ (UN) ត្រូវបានបង្កើតឡើង នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ១៩៤៨ តែប៉ុន្មានឆ្នាំប៉ុណ្ណោះ បន្ទាប់ពី UN ចាប់កំណើតឡើង។ ថ្ងៃបង្កើត WHO ត្រូវបានចាត់ទុកជា «ទិវាសុខភាពអន្តរជាតិ»។

អង្គការ WHO ត្រូវបានស្ថាបនាឡើង ដើម្បីជាអ្នកសម្របសម្រួលគោលនយោបាយសុខភាពអន្តរជាតិ ជាពិសេសពាក់ព័ន្ធទៅនឹង បញ្ហាជំងឺឆ្លងតែម្តង។ អង្គការនេះមានរដ្ឋជាសមាជិកសរុបចំនួន១៩៤។ រដ្ឋនីមួយៗចាត់តាំងគណៈប្រតិភូ ដែលរួមមាន ថ្នាក់ដឹកនាំនិង អ្នកជំនាញផ្នែកសុខាភិបាល ឲ្យតំណាងប្រទេសរបស់ខ្លួន នៅមហាសន្និបាតសុខភាពពិភពលោក ដែលមានតួនាទី តាក់តែងគោលនយោបាយ និងធ្វើការសម្រេចចិត្តផ្សេងៗសម្រាប់ WHO។

រដ្ឋជាសមាជិកមានសិទ្ធិគ្រប់គ្រងដោយផ្ទាល់លើមេដឹកនាំ និងទិសដៅរបស់អង្គការ WHO ពោលគឺមហាសន្និបាតសុខភាពពិភពលោក ជាអ្នកតែងតាំងអគ្គលេខាធិការរបស់ WHO, កំណត់របៀបវារៈក៏ដូចជាអាទិភាព ព្រមទាំងពិនិត្យវាយតម្លៃ និងអនុម័តកញ្ចប់ថវិកា របស់អង្គការនេះជាដើម ក្នុងចំណោមកិច្ចការងារជាច្រើនផ្សេងទៀត។

WHO មានទីស្នាក់ការប្រចាំនៅតំបន់អាហ្រ្វិក អាមេរិកខាងជើងនិងខាងត្បូង អាស៊ីអាគ្នេយ៍ អឺរ៉ុប តំបន់មេឌីទែរ៉ាណេខាងកើត និង តំបន់ប៉ាស៊ីហ្វិកភាគខាងលិច ខណៈទីស្នាក់ការកណ្តាលគឺស្ថិតនៅទីក្រុងហ្សឺណែវនៃប្រទេសស្វីស។ យោងតាមវែបសាយរបស់ WHO អង្គការសុខភាពពិភពលោក មានការិយាល័យតំណាងច្រើនជាង១៥០កន្លែងនៅជុំវិញពិភពលោក ជាទីដែលបុគ្គលិកខ្លួន ធ្វើការងារជាមួយអាជ្ញាធរប្រចាំមូលដ្ឋាន ដើម្បីផ្តល់ការជួយគាំទ្រក៏ដូចជាការណែនាំផ្នែកថែទាំសុខភាព។

ចាប់តាំងពីត្រូវបានបង្កើតឡើងកាលពីជាង៧០ឆ្នាំមុន អង្គការ WHO បានជួយពិភពលោកមិនតិចនោះទេ។ WHO បានជួយដល់ ការកម្ចាត់ជំងឺអុតធំ, កាត់បន្ថយករណីជំងឺគ្រុនស្វិតដៃជើងដល់ទៅ៩៩ភាគរយ, និងបានចូលរួមយ៉ាងសកម្មក្នុងសមរភូមិប្រឆាំង នឹងជំងឺ អេបូឡា។ WHO ក៏បានបន្តជួយប្រទេសជាច្រើនប្រយុទ្ធជាមួយជំងឺគ្រុនឈាម នៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ផងដែរ តាមរយៈការផ្តល់ការបណ្តុះបណ្តាល សម្ភារបរិក្ខារ ធនធានសហគមន៍ និងជំនួយហិរញ្ញវត្ថុ។

គួរជម្រាបថា តួនាទីសំខាន់ៗរបស់អង្គការ WHO រួមមានជំរុញឲ្យមានប្រព័ន្ធថែទាំសុខភាពជាសកលមួយ ឃ្លាំងមើលយ៉ាងដិតដល់ ចំពោះ ហានិភ័យនៃសុខភាពសាធារណៈ សម្របសម្រួលវិធានការឆ្លើយតបគ្រោះអាសន្នផ្នែកសុខាភិបាល លើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជនលើពិភពលោក។

លើសពីនេះ អង្គការ WHO ក៏ផ្តល់ជំនួយបច្ចេកទេសដល់បណ្តាប្រទេសនានា កំណត់ស្តង់ដានិងការណែនាំផ្នែកសុខភាពជាលក្ខណៈអន្តរជាតិ និងប្រមូលទិន្នន័យពីបញ្ហាសុខភាពលើពិភពលោក តាមរយៈយុទ្ធនាការស្ទាបស្ទង់សុខភាពជាសកល។ របាយការណ៍ World Health Report របស់ WHO ផ្តល់នូវការវាយតម្លៃតាមបែបជំនាញលើប្រធានបទផ្នែកសុខភាពនៅជុំវិញពិភពលោក និងស្ថិតិផ្នែក សុខាភិបាលនៃគ្រប់ប្រជាជាតិទាំងអស់។ ម៉្យាងវិញទៀត WHO ក៏បម្រើជាវេទិកាសម្រាប់កិច្ចប្រជុំ និងកិច្ចពិភាក្សាស្តីពីបញ្ហាសុខភាព ថែមទៀតផង។

ដោយឡែក បច្ចុប្បន្ន អ្វីដែលជាបន្ទុកដ៏ធ្ងន់ជាងគេរបស់អង្គការ WHO គឺជំងឺរាតត្បាតជាសកល COVID-19 ដែលបាននិងកំពុង យាយីពិភពលោក។ អង្គការសុខភាពពិភពលោក ក្រោមការដឹកនាំរបស់អគ្គលេខាធិការ លោក Tedros Adhanom Ghebreyesus កំពុងដើរតួនាទីយ៉ាងសកម្ម ក្នុងការដឹកនាំប្រយុទ្ធតតាំងជាមួយជំងឺឆ្លងដ៏កាចសាហាវនេះ ដែលបានឆ្លងដល់មនុស្សលើសពី២លាន នាក់ជុំវិញពិភពលោក ក្នុងនោះស្លាប់ជិត១៣ម៉ឺននាក់៕


( លោក Tedros Adhanom Ghebreyesus អគ្គលេខាធិការបច្ចុប្បន្ន)