(ប៉ារីស)៖ អ្នកវិទ្យាសាស្រ្តបារាំងមួយក្រុមបានអះអាងថា មេរោគកូរ៉ូណាថ្មី ឬ COVID-19 អាចធន់ទ្រាំនឹងកម្តៅកម្រិតខ្ពស់បានរយៈពេលយូរ គឺទាល់តែសីតុណ្ហភាពដល់ទៅជិត១០០អង្សាសេ ទើបអាចកម្ចាត់មេរោគនេះទាំងស្រុង។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០។
កន្លងមកមានទ្រឹស្តីថាសីតុណ្ហភាពក្តៅ អាចជួយទប់ទល់ជាមួយការរាលដាលនៃ COVID-19។ ក្នុងរបាយការណ៍ស្រាវជ្រាវថ្មីមួយ លោក Remi Charrel និងក្រុមការងារមកពីសាកលវិទ្យាល័យបារាំង Aix-Marseille បានរៀបរាប់ថា មេរោគ COVID-19 អាចស៊ូទ្រាំនឹងកម្តៅនៅកម្រិត៦០អង្សាសេបានមួយម៉ោងពេញ ហើយវានៅតែសេសសល់វត្តមានដដែល។
គោលការណ៍កម្តៅ៦០អង្សាសេក្នុងរយៈពេល៦០នាទីនេះ គឺជាស្តង់ដាទូទៅដែលអ្នកវិទ្យាសាស្រ្តបានប្រើប្រាស់ ដើម្បីបង្រ្កាបវីរុសសាហាវៗ ដូចជា Ebola ជាដើម នៅក្នុងមន្ទីរពិសោធន៍។ ប៉ុន្តែនៅពេលប្រឈមនឹងសីតុណ្ហភាព៩២អង្សាសេ ក្នុងរយៈពេលត្រឹម១៥នាទី វានឹងរលាយបាត់។
គួរជម្រាបថា កាលពីសប្តាហ៍មុន ក្រុមអ្នកជំនាញអាមេរិកក្នុងរបាយការណ៍មួយផ្ញើទៅកាន់សេតវិមាន ក៏បានធ្វើការពន្យល់បកស្រាយដែរថា សីតុណ្ហភាពនារដូវក្តៅនឹងពុំមានឥទ្ធិពលធំដុំអ្វី ទៅលើការរាតត្បាតនៃ COVID-19 នៅសហរដ្ឋអាមេរិក ដែលជាប្រទេសកំពុងមានករណីឆ្លងនិងស្លាប់ច្រើនជាងគេលើលោកឡើយ៕