(ប៉េកាំង)៖ ក្នុងរយៈពេលពេញមួយ ថ្ងៃអង្គារម្សិលមិញនេះ ប្រទេសចិន បានរកឃើញករណីឆ្លងថ្មី នៃជំងឺ COVID-19 ចំនួន ៤៦ ករណី បើធៀបទៅនឹងករណី ឆ្លងថ្មី កាលពីថ្ងៃចន្ទ មានរហូតដល់ ៨៩ ករណី។ នេះបើតាមគណៈកម្មាការជាតិសុខាភិបាលចិន ដកស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០។
គណៈកម្មាការជាតិសុខាភិបាលចិន បានឱ្យដឹងទៀតថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំង៤៦ មាន ៣៦ករណី ជាករណីនាំចូលពីក្រៅប្រទេស ខណៈកាលពី ថ្ងៃចន្ទ ករណីនាំចូលមានចំនួន៨៦។ បូកបញ្ចូលតួលេខថ្មីនេះ ធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសកើនដល់ ៨២,២៩៥នាក់ ក្នុងនោះស្លាប់ ៣,៣៤២ នាក់ស្លាប់បាត់បង់ជីវិត និង ៧៧,៨១៦នាក់ផ្សេងទៀត បានជាសះស្បើយឡើងវិញ។
គួរជម្រាបថា ខេត្តហីឡុងជាំង (Heilongjiang) បានក្លាយជាសមរភូមិជួរមុខរបស់ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងលំហូរចូល នៃករណីឆ្លងថ្មីៗក្នុងប្រទេស ខណៈពេលជនជាតិចិន ដែលឆ្លងជំងឺ បាននិងកំពុងសម្រុកចូលស្រុកវិញ ពីប្រទេសរុស្ស៊ី។ ការឆ្លងថ្មីដែលទាក់ទងនឹងអ្នកដំណើរ ដែលវិលត្រឡប់មកពី ប្រទេសរុស្ស៊ី ក៏ត្រូវបានរាយការណ៍ផងដែរ នៅផ្នែកខ្លះទៀតនៃប្រទេសចិនផងដែរដូចជា នៅតំបន់ស្វ័យតភាគខាងជើង នៃខេត្តអ៊ីនហ្គោលី និងទីក្រុងសៀងហៃជាដើម៕