(ប្រេស៊ីល)៖ អភិបាលរដ្ឋក្នុងប្រទេសប្រេស៊ីល ពីររូប ត្រូវបានគេធ្វើតេស្ដរកឃើញផ្ទុក COVID-19 ខណៈករណីឆ្លងនៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ កើនឡើងកាន់តែខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០។
ថ្លែងនៅក្នុងវីដេអូបង្ហោះលើ Twitter នៅថ្ងៃអង្គារសប្ដាហ៍នេះ អភិបាលរដ្ឋ Rio លោក Wilson Witzel បាននិយាយថា បន្ទាប់ពីមានអាការៈមិនស្រួលខ្លួន ប៉ុន្មានថ្ងៃមកនេះ ជាមួយរោគសញ្ញាគ្រុនក្ដៅ និងក្អកស្ងួត លោកត្រូវបានស្នើឱ្យធ្វើតេស្ដរក COVID-19 ហើយលទ្ធផលបង្ហាញថាលោកមានផ្ទុកជំងឺមួយនេះ។
ចំណែកឯ អភិបាលរដ្ឋ Pará លោក Helder Barbalho ក៏បានអះអាងថាលោកបានឆ្លង COVID-19 ផងដែរ ក្រោយបុគ្គលិករបស់លោកជាច្រើននាក់ធ្លាក់ខ្លួន ឈឺដោយសារជំងឺដ៏កាចសាហាវនេះ។
គួរជម្រាបថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃ ប្រេស៊ីល មានអ្នកឆ្លង COVID-19 ២៥,២៦២នាក់ ក្នុងនោះស្លាប់ ១,៥៣២នាក់ និងជាសះស្បើយ ១៤,០២៦នាក់៕