(វ៉ាស៊ីនតោន)៖ យោងតាមវែបសាយអន្តរជាតិ Worldometers នៅព្រឹកថ្ងៃពុធនេះ ចំនួនអ្នកឆ្លង COVID-19 នៅសហរដ្ឋអាមេរិក កើនឡើង ដល់៦១៣,៨៨៦នាក់ ក្នុងនោះស្លាប់២៦,០៤៧នាក់ រីឯជាសះស្បើយវិញមាន៣៨,៨២០នាក់។ ខណៈពេញមួយថ្ងៃម្សិលមិញមានមនុស្សស្លាប់ ២៤០៧នាក់ ដោយសារជំងឺដ៏កាចសាហាវនេះ។
នៅអាមេរិក រដ្ឋដែលកំពុងបន្តរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារ COVID-19 គឺរដ្ឋញូយ៉ក ដែលមានករណីឆ្លងច្រើនជាង២០០,០០០នាក់ និងស្លាប់លើសពី១០,០០០នាក់ ហើយក្នុងនោះរដ្ឋញូយ៉កទៀតសោត គឺទីក្រុងញូយ៉កស៊ីធីតែម្តង ដែលជាចំណុចមានការឆ្លងរាលដាល ខ្លាំង ជាមួយករណីឆ្លងជាង១១០,០០០នាក់។
គួរជម្រាបថា ទោះបីជាអាមេរិកកំពុងបន្តរងគ្រោះខ្លាំងដោយសារ COVID-19 ក៏ដោយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទើបតែ បានប្រកាសថា លោកបានសម្រេចចិត្តផ្អាកការផ្តល់ថវិកាសម្រាប់ WHO ក្រោមហេតុផលថា អង្គការអន្តរជាតិនេះគ្រប់គ្រងវិបត្តិ COVID-19 មិនបានល្អ ដែលបណ្តាលឲ្យវារាលដាលពាសពេញពិភពលោក៕