(ហ្សឺណែវ)៖ អង្គការសុខភាពិភពលោក WHO បាននិយាយ នៅថ្ងៃអង្គារនេះថា ជំងឺ COVID-19 បានក្លាយជាជំងឺ ដែលមានគ្រោះថ្នាក់ និងកាចសាហាវជាងជំងឺផ្តាសាយជ្រូក ចំនួន១០ដង ឯណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០។

ជំងឺរាតត្បាតសកលផ្តាសាយជ្រូក ដែលបង្កឡើងដោយវីរុស H1N1 ត្រូវបានរកឃើញដំបូងនៅប្រទេសម៉ិចស៊ីកូ បានចម្លងទៅមនុស្សប្រមាណ ១.៦លាននាក់ ដោយក្នុងនោះ មនុស្សជាង ១៨,៤៤៩នាក់ ស្លាប់បាត់បង់ជីវិត នៅចន្លោះពីខែមករា ឆ្នាំ២០០៩ ដល់ខែសីហា ឆ្នាំ២០១០។

ដោយឡែក ជំងឺ COVID-19 នេះវិញ បើគិតត្រឹមថ្ងៃទី១៤ ខែមេសានេះ ជំងឺដ៏កាចសាហាវនេះ វាបានចម្លងទៅកាន់មនុស្សជាង ១.៩១លាននាក់ហើយ នៅទូទាំងសកលលោក ដោយក្នុងចំណោមនោះមានអ្នកជំងឺប្រមាណ ១១៩,០០០ នាក់បានស្លាប់។ តួលេខនេះ គឺវាច្រើនជាងចំនួនសរុបទាំងអស់ នៃអ្នកឆ្លង និងស្លាប់ដោយសារជំងឺផ្តាយជ្រូក ឆ្នាំ២០០៩ ទៅទៀត។

លោក Tedros Adhanom Ghebreyesus ជាអគ្គនាយកអង្គការសុខភាពពិភពលោក WHO បានថ្លែងនៅក្នុងសន្និសីទខ្លីមួយ ស្តីពីការឆ្លងរាលដាល នៃជំងឺ COVID-19 យ៉ាងដូច្នេះថា៖ «យើងដឹងទាំងអស់គ្នាថា ជំងឺ COVID-19 គឺវាឆ្លងលឿនណាស់ គឺវាមានគ្រោះជាងជំងឺផ្តាសាយជ្រូក ១០ ដងឯណោះ...ហើយដូចដែលយើងធ្លាប់បាននិយាយ ជាច្រើនដងរួចមកហើយថា នេះជាជំងឺថ្មី ដែលជាជំងឺរាតត្បាតសកលដំបូង ដែលបង្កឡើងដោយវីរុសកូរ៉ូណា»