(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ សិង្ហបុរីបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៣៤នាក់ថ្មីទៀត តែក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ៣,២៥២ករណី ក្នុងនោះ ០៩នាក់ស្លាប់។

២៖ ក្រសួងសុខាភិបាលអ៉ីរ៉ង់ នៅថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០នេះ បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារ COVID-19 បានកើនដល់ ៤,៦៨៣នាក់ បន្ទាប់ពី អ្នកស្លាប់ថ្មី៩៨នាក់ ត្រូវបានរាយការណ៍ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។

៣៖ នៅថ្ងៃអង្គារនេះប្រទេសរុស្ស៉ីបានរាយការណ៍ពីអត្រាឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃដែលកាន់តែខ្ពស់ថែមទៀតគឺចំនួន ២,៧៧៤នាក់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ ដែលធ្វើឲ្យតួលេខអ្នកឆ្លងសរុបកើនដល់ ២១,១០២នាក់។

៤៖ ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូង ស្ថិតនៅក្រោម ៣០នាក់ពីរថ្ងៃជាប់ៗគ្នាមកហើយ បើតាមតួលេខដែលត្រូវបានបញ្ចេញនៅថ្ងៃអង្គារនេះ ប៉ុន្តែអាជ្ញាធរសុខាភិបាលនៅតែបង្កើនការប្រុងប្រយ័ត្នជានិច្ច ចំពោះករណីនាំចូលជំងឺនេះពីបរទេស និងការឆ្លងជាចង្កោមៗ ដែលនៅតែកើតមានជាប្រចាំថ្ងៃ។

៥៖ ភ្លើងឆេះព្រៃដែលបានបន្តឆេះប៉ុន្មានថ្ងៃមកហើយ នៅភាគខាងជើងប្រទេសអ៊ុយក្រែន នាពេលនេះកំពុងតែបង្កជាក្តីព្រួយបារម្ភ ព្រោះវាកំពុងខិតកាន់តែកៀក ទីតាំងសោកនាដកម្មនៃរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl។

៦៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នៅថ្ងៃអង្គារនេះ បានសម្រេចចិត្តបន្តការអនុវត្តវិធានការបិទប្រទេស រហូតដល់ថ្ងៃទី៣ ខែឧសភា ខណៈចំនួន អ្នកឆ្លង COVID-19 ទូទាំងប្រទេសកើនដល់លើស ១០,០០០នាក់ បើទោះជាមានវិធានការបិទប្រទេស បីសប្ដាហ៍កន្លងមកនេះក៏ដោយ៕