(បាងកក)៖ បុគ្គលិកក្រុមហ៊ុនបម្រើសេវារថយន្តក្រុងមួយរបស់រដ្ឋ នៅឯទីក្រុងបាងកកប្រទេសថៃ ត្រូវបានដាក់នៅដាច់ដោយឡែកដើម្បីតាមដានសុខភាព បន្ទាប់ពីអ្នកបើករថយន្តម្នាក់របស់ក្រុមហ៊ុននោះ បានឆ្លងជំងឺ COVID-19 រួចបាត់បង់ជីវិត។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០។
លោក ស៊ូរ៉ាឆៃ ឡាំវ៉ាជីរក្សាគុល (Surachai Iamwachirasakul) ដែលជានាយកក្រុមហ៊ុនរថយន្តក្រុង BMTA (Bangkok Mass Transit Authority) នាថ្ងៃចន្ទបានឲ្យដឹងថា អ្នកបើករថយន្តក្រុង ព្រមទាំងអ្នកប្រមូលថ្លៃសំបុត្រសរុបចំនួន ១៨នាក់របស់ក្រុមហ៊ុននាពេលនេះកំពុងស្ថិតក្រោមការដាក់ឲ្យនៅដាច់ដោយឡែក បន្ទាប់ពីពួកគេបានប្រាស្រ័យទាក់ទង ជាមួយអ្នកបើករថយន្តក្រុងម្នាក់របស់ក្រុមហ៊ុន ដែលបានឆ្លង COVID-19 ហើយបាត់បង់ជីវិត។
គួរជម្រាបថា បើតាមលោក Surachai ជាបឋមការធ្វើតេស្តរក COVID-19 លើអ្នកទាំងនោះបង្ហាញថា «អវិជ្ជមាន» ហើយលោកស្នើឲ្យអ្នក ដំណើរដែលធ្លាប់ជិះរថយន្តក្រុងរបស់ក្រុមហ៊ុនលោក តាមដានសុខភាពខ្លួនឯង ហើយបើមានរោគសង្ស័យ ត្រូវរាយការណ៍ដល់អាជ្ញាធរពាក់ព័ន្ធជាបន្ទាន់។ នៅថ្ងៃអង្គារនេះថៃបានប្រកាសពីការរកឃើញករណីឆ្លងថ្មី ៣៤នាក់ និងស្លាប់ម្នាក់ គឺអ្នកបើករថយន្តក្រុងខាងលើ។ តួលេខសរុបនៅក្នុងប្រទេសថៃគឺឆ្លង ២,៦១៣ករណី ក្នុងនោះស្លាប់សរុប ៤១នាក់ និងជាសះស្បើយឡើងវិញ ១,៤០៥នាក់៕