(សិង្ហបុរី)៖ សិង្ហបុរីបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៣៤នាក់ថ្មីទៀត តែក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ៣,២៥២ករណី ក្នុងនោះ ០៩នាក់ស្លាប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០។
អាជ្ញាធរសុខាភិបាលសិង្ហបុរីបានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ៣៣៤នាក់ខាងលើនេះ គឺមាន ១៨៩នាក់ជាករណីឆ្លងជាចង្កោម, ២៣នាក់បានឆ្លងពីអ្នកជំងឺមុនៗ និង ១២២នាក់មិនទាន់ដឹងប្រភពឆ្លងច្បាស់លាស់ ឬកំពុងស្ថិតនៅក្នុងការតាមដានប្រវត្តិ។
គួរបញ្ជាក់ថា ករណីឆ្លងថ្មីៗ ៣៣៤នាក់ដែលត្រូវបានរកឃើញនៅថ្ងៃអង្គារនេះ គឺទាបជាងកាលពីថ្ងៃចន្ទម្សិលមិញ ដែលមានអ្នកឆ្លង COVID-19 រហូតដល់ ៣៨៦នាក់ ជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន នៅក្នុងប្រទេសដីកោះតូចជាងគេ ប្រចាំអាស៊ានមួយនេះ៕