(ម៉ូស្គូ)៖ នៅថ្ងៃអង្គារនេះប្រទេសរុស្ស៉ីបានរាយការណ៍ពីអត្រាឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃដែលកាន់តែខ្ពស់ថែមទៀតគឺចំនួន ២,៧៧៤នាក់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ ដែលធ្វើឲ្យតួលេខអ្នកឆ្លងសរុបកើនដល់ ២១,១០២នាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០។
យោងតាមសេចក្តីថ្លែងការណ៍ពីទីភ្នាក់ងារប្រយុទ្ធប្រឆាំងជំងឺ COVID-19 របស់ប្រទេសរុស្ស៊ី អ្នកជំងឺចំនួន ១៧០នាក់ផងដែរបានបាត់បង់ជីវិត ដោយកើនឡើងលើសកាលពីមួយថ្ងៃមុនទៀត ដែលមានអ្នកជំងឺ ១៤៨នាក់ស្លាប់។ សម្រាប់តួលេខអ្នកជាសះស្បើយឡើងវិញមានសរុប ១,៦៩៤នាក់ បន្ទាប់ពីអ្នកជំងឺ ២២៤នាក់ទៀតទើបតែត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ។
សម្រាប់តំបន់ដែលកំពុងទទួលរងគ្រោះធ្ងន់ជាងគេនោះ គឺទីក្រុងម៉ូស្គូដែលរ៉ាប់ករណីឆ្លង COVID-19 រហូតដល់ ១៣,០០២ករណី ក្នុងចំណោមករណីឆ្លងសរុបទាំងជាង ២១ម៉ឺនករណីខាងលើនេះ។ រុស្ស៉ីបានប្រកាសពីការរកឃើញករណីឆ្លងចំនួន ០២នាក់ដំបូង កាលពីថ្ងៃទី៣១ ខែមករា ហើយតួលេខបានកើនឡើងគួរឲ្យកត់សម្គាល់ ចាប់តាំងពីចុងខែមីនា ដោយចំនួនករណីឆ្លងសរុបនៅរុស្ស៊ីបានកើនលើស ១០,០០០នាក់ កាលពីថ្ងៃ០៩ ខែមេសា និងលើស ១៥,០០០នាក់កាលពីថ្ងៃទី១២ ខែមេសា។
គួរជម្រាបថា ប្រជាជនរុស្ស៉ីស្ទើរតែទាំងអស់ ដោយលើកលែងអ្នកបម្រើការក្នុងវិស័យចាំបាច់ គឺត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក ដើម្បីនៅផ្ទះដោយទទួលបានប្រាក់បៀវត្សធម្មតា ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៣០ ខែមេសា ដែលវាជាផ្នែកនៃកិច្ចប្រឹងប្រែងរបស់ប្រទេសរុស្ស៊ីក្នុងការ គ្រប់គ្រងការឆ្លងរាលដាលនៃជំងឺ COVID-19។ តាមការលើកឡើងរបស់លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន នាដើមសប្តាហ៍នេះ រុស្ស៉ីអាចនឹងប្រើកម្លាំងយោធារបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតជាសកលនេះ ប្រសិនបើស្ថានការណ៍នៅតែបន្តធ្ងន់ធ្ងរឡើង៕