(ម៉ានីល)៖ ប្រទេសហ្វីលីពីនបានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 សរុបកើនឡើងដល់ ៥,២២៣ករណីហើយ ក្រោយពីអ្នកឆ្លងថ្មីៗចំនួន ២៩១នាក់ទៀតត្រូវបានរកឃើញនៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០។
អាជ្ញាធរសុខាភិបាលហ្វីលីពីន បានបញ្ជាក់ឲ្យដឹងទៀតថា អ្នកជំងឺ COVID-19 ចំនួន ២០នាក់បន្ថែមទៀតបានបាត់បង់ជីវិត ដែលប្រការនេះបាននាំឲ្យចំនួនអ្នកស្លាប់សរុប កើនឡើងរហូតដល់ ៣៣៥នាក់ ខណៈអ្នកជាសះស្បើយឡើងវិញមានសរុប ២៥៩នាក់។
យោងតាមគេហទំព័រអន្តរជាតិ Worldometer គិតត្រឹមម៉ោង ៥៖០០នាទីថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០ ប្រទេសអាស៊ានចំនួន ០៥ ក្នុងចំណោមសមាជិកទាំង ១០ មានករណីឆ្លងជំងឺ COVID-19 រហូតដល់រាប់ពាន់ករណី ក្នុងនោះមានដូចជា៖
១៖ ប្រទេសហ្វីលីពីនមានករណីឆ្លងសរុប ៥,២២៣ករណី ក្នុងនោះស្លាប់ ៣៣៥នាក់ និងជាសះស្បើយឡើងវិញ ២៥៩នាក់។
២៖ ប្រទេសម៉ាឡេស៊ីមានករណីឆ្លងសរុប ៤,៩៨៧ករណី ក្នុងនោះស្លាប់ ៨២នាក់ និងជាសះស្បើយឡើងវិញ ២,៤៧៨នាក់។
៣៖ ប្រទេសឥណ្ឌូណេស៊ីមានករណីឆ្លងសរុប ៤,៨៣៩ករណី ក្នុងនោះស្លាប់ ៤៥៩នាក់ និងជាសះស្បើយឡើងវិញ ៤២៦នាក់។
៤៖ ប្រទេសសិង្ហបុរីមានករណីឆ្លងសរុប ២,៩១៨ករណី ក្នុងនោះស្លាប់ ០៩នាក់ និងជាសះស្បើយឡើងវិញ ៥៨៦នាក់។
៥៖ ប្រទេសថៃមានករណីឆ្លងសរុប ២,៦១៣នាក់ ក្នុងនោះស្លាប់ ៤១នាក់ និងជាសះស្បើយឡើងវិញ ១,៤០៥នាក់៕