(សេអ៊ូល)៖ ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូង ស្ថិតនៅក្រោម ៣០នាក់ពីរថ្ងៃជាប់ៗគ្នាមកហើយ បើតាមតួលេខដែលត្រូវបានបញ្ចេញនៅថ្ងៃអង្គារនេះ ប៉ុន្តែអាជ្ញាធរសុខាភិបាលនៅតែបង្កើនការប្រុងប្រយ័ត្នជានិច្ច ចំពោះករណីនាំចូលជំងឺនេះពីបរទេស និងការឆ្លងជាចង្កោមៗ ដែលនៅតែកើតមានជាប្រចាំថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០។
បើតាមមជ្ឈមណ្ឌលកូរ៉េសម្រាប់គ្រប់គ្រង និងការបង្ការជំងឺឆ្លង (KCDC) ពេញមួយថ្ងៃចន្ទម្សិលមិញ អ្នកឆ្លង COVID-19 មានចំនួន ២៧នាក់ បើធៀបទៅថ្ងៃអាទិត្យមាន ២៥នាក់ ខណៈអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ១០,៥៦៤នាក់។ មិនតែប៉ុណ្ណោះសម្រាប់ករណីឆ្លង ដែលត្រូវបានរាយការណ៍នៅថ្ងៃអង្គារនេះ គឺជាតួលេខនៅក្រោម ៣០នាក់ពីរថ្ងៃជាប់ៗគ្នា និងជាអត្រាទាបបំផុតចាប់តាំងពីថ្ងៃទី២៩ ខែកុម្ភៈមក ដែលជាពេលកូរ៉េខាងត្បូងមានអ្នកឆ្លង COVID-19 ក្នុងមួយថ្ងៃដល់ទៅ ៩០៩នាក់។
តែទោះជាបែបនេះក្ដី អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅតែបង្កើនការប្រុងប្រយ័ត្នជានិច្ច ចំពោះករណីឆ្លងនាំចូលពីបរទេស និងការឆ្លងជាចង្កោមនៅតាមព្រះវិហារសាសនា និងមន្ទីរពេទ្យ ជាពិសេសគឺករណីអ្នកលាប់ជំងឺឡើងវិញតែម្ដង ដែលបានកើតមានជាង ១០០ករណីហើយ។
គួរជម្រាបថា ក្នុងចំណោមករណី COVID-19 ថ្មីៗទាំង ២៧នាក់ខាងលើ មាន ១២នាក់ជាករណីឆ្លងនាំចូលពីបរទេស និង ១៥នាក់ឆ្លងនៅក្នុងស្រុក។ ចំណែកឯអ្នកស្លាប់វិញក៏បានកើនដល់ ២២២នាក់ផងដែរ បន្ទាប់ពីអ្នកស្លាប់ចំនួន ០៥នាក់ទៀតត្រូវបានរាយការណ៍ ហើយអ្នកជំងឺ ៧,៥៣៤នាក់ បានជាសះស្បើយឡើងវិញទាំងស្រុង៕