(អ៊ុយក្រែន)៖ ភ្លើងឆេះព្រៃដែលបានបន្តឆេះប៉ុន្មានថ្ងៃមកហើយ នៅភាគខាងជើងប្រទេសអ៊ុយក្រែន នាពេលនេះកំពុងតែបង្កជាក្តីព្រួយបារម្ភ ព្រោះវាកំពុងខិតកាន់តែកៀកទីតាំងសោកនាដកម្មនៃរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០។
យោងតាមអាជ្ញាធរអ៊ុយក្រែនប្រចាំនៅតំបន់ខាងលើ ភ្លើងឆេះព្រៃបានបន្តឆាបឆាបនៅទីនោះ តាំងតែពីថ្ងៃទី០៤ ខែមេសា មកម្ល៉េះ ក្រោយពី មានការដុតគុម្ពស្មៅ ហើយចាប់តាំងពីពេលនោះមក ពួកវាបានរាលដាលដោយសន្សឹមៗទៅកៀកតំបន់រោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl ដែលត្រូវបានគេបោះបង់ចោលជាយូរណាស់មកហើយ។ ការតាមការអះអាង ភ្លើងឆេះព្រៃមួយចំនួន ស្ថិតនៅត្រឹមតែ១-២គីឡូម៉ែត្រប៉ុណ្ណោះ ពី Chernobyl។
ទន្ទឹមគ្នានេះ ភ្នាក់ងារពន្លត់អគ្គីភ័យជាង៣០០នាក់ ព្រមទាំងបរិក្ខាពិសេសៗជាច្រើនគ្រឿង កំពុងបន្តខិតខំប្រឹងប្រែងពន្លត់ភ្លើងឆេះព្រៃទាំង នោះនៅលើដី ហើយឧទ្ធម្ភាគចក្រនិងយន្តហោះប្រមាណ០៦គ្រឿង កំពុងព្យាយាមពន្លត់ពីលើអាកាស។ ពាក់ព័ន្ធនឹងបញ្ហាភ្លើងឆេះព្រៃនេះ រដ្ឋាភិបាលអ៊ុយក្រែនបានអះអាងថា វាពុំបង្កហានិភ័យអ្វីដល់រោងចក្រនុយក្លេអ៊ែរ Chernobyl នោះទេ។
គួរជម្រាបថា រោងចក្រថាមពលនុយក្លេអ៊ែរ Chernobyle និងក្រុង Pripyat ដែលនៅក្បែរនោះ ត្រូវបានគេបោះបង់ចោលចាប់តាំងពីឆ្នាំ១៩៨៦ នៅពេលរ៉េអាក់ទ័រលេខ៤របស់វា បានផ្ទុះឡើង ដែលជាហេតុបង្កឲ្យសាយភាយជាតិវិទ្យុសកម្មពាសពេញមួយផ្នែកធំមួយទ្វីបអឺរ៉ុប ប៉ុន្តែតំបន់ ដែលនៅក្បែររោងចក្រនោះ បានរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ហើយរយៈចម្ងាយប្រមាណ៣០គីឡូម៉ែត្រជុំវិញរោងចក្រ Chernobyl ត្រូវបាន ហាម ឃាត់មិនឲ្យមានការតាំងទីលំនៅឡើយ ព្រោះតែភាពគ្រោះថ្នាក់នៃកម្រិតវិទ្យុសកម្ម៕