(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃអង្គារនេះបានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ៣៤ ករណីបន្ថែមទៀត ខណៈស្ត្រីជនជាតិថៃម្នាក់អាយុ៥២ ឆ្នាំបានស្លាប់បាត់បង់ជិវិត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០។
លោក ថាវីស៊ីន វីសានុយុទ្ធិន (Taweesin Wisanuyothin) អ្នកនាំពាក្យអង្គភាពប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នៅក្នុងប្រទេសថៃបានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំង៣៤ករណីខាងលើ មាន២៧ករណីមានទំនាក់ទំនងនឹងករណីមុនៗ និង ០៤ករណីផ្សេងទៀតមិនមានទំនាក់ទំនងនឹងករណីពីមុនៗមកទេ ខណៈ ០២ករណីកំពុងស្ថិតនៅក្រោមការស៊ើបរកប្រភពនៅឡើយ។ រីឯ១ករណីទៀត ជាបុរសជនជាតិថៃ ដែលស្ថិតក្រោមការដាក់ដាច់ដោយឡែកស្រាប់ ស្រាប់ធ្វើដំណើរត្រឡប់មកពីឥណ្ឌូណេស៊ី។
គួរជម្រាបថា ចាប់តាំងពីមានការផ្ទុះឡើង នៃការឆ្លងរីករាលជំងឺ COVID-19 កាលពីដើមខែមករាមកន្លងទៅនេះ ប្រទេសថៃបានកត់ត្រាចំនួនអ្នកឆ្លងសរុបចំនួន ២,៦១៣ ករណី ដោយក្នុងនោះអ្នកជំងឺចំនួន ៤១ នាក់បានស្លាប់ ខណៈ ១,៤០៥ នាក់ផ្សេងទៀតបានជាសះស្បើយឡើងវិញ៕