(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកនាថ្ងៃចន្ទសប្តាហ៍នេះ បាននិយាយថា រដ្ឋាភិបាលរបស់លោកកំពុងជិតសម្រេចជាស្ថាពរហើយនូវការរៀបចំផែនការដើម្បីបើកដំណើរការសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលបាននិងកំពុងជាប់គាំងស្ទើរតែទាំងស្រុងព្រោះតែវិបត្តិជំងឺ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០។
យ៉ាងណាមិញ បណ្តាអភិបាលរដ្ឋរបស់អាមេរិក ហាក់កំពុងពិភាក្សាជុំវិញផែនការ ដើម្បីបន្តសកម្មភាពសេដ្ឋកិច្ចឡើងវិញ ដោយមិនត្រូវការយោបល់ពីរដ្ឋាភិបាលសហព័ន្ធរបស់លោក ត្រាំ ឡើយ។ នាថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋចំនួន០៩ នៅភាគខាងកើតនិងខាងលិចសហរដ្ឋអាមេរិក បានប្រកាសថា ពួកគេបានចាប់ផ្តើមរៀបចំគម្រោង សម្រាប់ការបើកឡើងវិញដោយសន្សឹមៗនូវសេដ្ឋកិច្ចរដ្ឋនីមួយៗ និងការបន្ធូរបន្ថយនូវបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ។
ក្រុមអភិបាលរដ្ឋអាមេរិកបានបញ្ជាក់ថា ការសម្រេចចិត្តអំពីពេលវេលា និងវិធីសាស្រ្តនៃការបើកដំណើរការសកម្មភាពសេដ្ឋកិច្ចឡើងវិញ នឹងត្រូវធ្វើឡើង ដោយគិតគូរសុខភាពប្រជាជនជាចម្បង ហើយពឹងផ្អែកលើវិទ្យាសាស្រ្តជាជាងលើនយោបាយ។ ពាក់ព័ន្ធនឹងសំណួរថាតើអភិបាលរដ្ឋ ឬមួយក៏រដ្ឋាភិបាលសហព័ន្ធ ជាអ្នកមានសិទ្ធិសម្រេចលើការបើកសាលារៀន ក៏ដូចជាក្រុមហ៊ុននានាឡើងវិញនោះ លោក ត្រាំ បាននិយាយថា លោកជាអ្នកមានសិទ្ធិសម្រេចចុងក្រោយ។
ប៉ុន្តែក្រុមអ្នកជំនាញផ្នែកច្បាប់អាមេរិក បានលើកឡើងថា អំណាចរបស់ប្រធានាធិបតី គឺដែនកំណត់នៅក្រោមរដ្ឋធម្មនុញ្ញអាមេរិក ពាក់ព័ន្ធនឹងការបញ្ជាឲ្យពលរដ្ឋខ្លួនត្រឡប់ទៅបំពេញការងារតាមកន្លែងរៀងៗខ្លួនវិញ ឬក៏ការបង្គាប់ឲ្យទីក្រុងក៏ដូចជារដ្ឋនីមួយៗ បើកអគាររដ្ឋាភិបាល មធ្យោបាយដឹកជញ្ជូន និងក្រុមហ៊ុនឡើងវិញ ជាដើម។
គួរជម្រាបថា តួលេខចុងក្រោយបំផុតនៃអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក មាន២៣,៦៤៤នាក់ ក្នុងចំណោមអ្នកឆ្លងសរុប៥៨៧,១៥៥នាក់ ខណៈអ្នកជាសះស្បើយមាន៣៦,៩៤៨នាក់៕